តើអ្វីទៅជាប្រភពហិរញ្ញវត្ថុមានអត្រាការប្រាក់ទាប?ហើយសហគ្រិនអាចរក បាននៅទីណា ?

ដោយៈលក្ខិណា

ភ្នំពេញៈ បើតាមទំព័ររបស់សហគ្រិនខ្មែរឱ្យដឹងថា ប្រភពហិរញ្ញវត្ថុមានអត្រាការប្រាក់ទាប ជាប្រភពប្រាក់កម្ចីដែលរកមកបានពីកន្លែងផ្សេងៗ ដើម្បីធ្វើការបង្កើនដើមទុន ជាមួយនឹងអត្រាការប្រាក់ទាប។ និយាយឱ្យខ្លី គឺខ្ចីដើមពីគេយកមកធ្វើអាជីវកម្ម ហើយអស់ការប្រាក់តិច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមធម្មតា នៅពេលបង្កើតអាជីវកម្មមួយ ម្ចាស់អាជីវកម្មតែងតែគិតថាធ្វើយ៉ាងណាដើម្បីរកចំណូល និងបង្កើនដើមទុនដោយមិនចាំបាច់ចំណាយច្រើន។

ចំណែកការខ្ចីប្រាក់ពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ក៏ជាការបង្កើនដើមទុនរបស់ម្ចាស់អាជីវកម្មដែរ ហើយវាពេញនិយមទៀតផង។ សព្វថ្ងៃ មានធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើន ដែលផ្តល់កម្ចីហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម ក្នុងអត្រាការប្រាក់ទាប ព្រោះវាមានភាពប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញអតិថិជន ហើយនោះវាជាប្រយោជន៍សម្រាប់អ្នកផងដែរ ដោយសារអ្នកមានជម្រើសច្រើន។

ក៏ប៉ុន្តែមុននឹងសម្រេចចិត្តយកប្រាក់កម្ចីអ្វីមួយ ត្រូវសិក្សាឲ្យច្បាស់សិន ថាធនាគារឬមីក្រូហិរញ្ញវត្ថុណា មានលក្ខខណ្ឌល្អ និងមានការប្រាក់ថោកជាងគេ។ ជាពិសេស ចូរកុំភ្លេចសួរនូវព័ត៌មាននៃការចំណាយផ្សេងៗ ដែលស្ថាប័នទាំងនោះទាមទារផងដែរ ព្រោះគេច្រើនតែមិនប្រាប់ទេទាល់តែយើងសួរ និងដើម្បីជៀសវាងនូវការភាន់ច្រលំនានា។

មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ credit card ដើម្បីផ្គត់ផ្គង់អាជីវកម្មរបស់អ្នក ឬដោះទាល់មួយគ្រាៗ ក៏បានដែរ។ មានន័យថា បើទោះជាបណ្ណឥណទានរបស់អ្នកមានទឹកប្រាក់សូន្យ នៅក្នុងនោះអ្នកក៏នៅតែអាចដកប្រាក់ ឬដកសែកបានដែរ អាស្រ័យលើការចរចាររបស់អ្នកជាមួយធនាគារ រួចចាំសងវិញនៅពេលក្រោយ។ តែអ្នកត្រូវដឹងថា កាតប្រភេទនេះ មានការប្រាក់របស់វា។ យើងសូមណែនាំឲ្យអ្នកស៊ើបសួរព័ត៌មាន ឲ្យបានច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់វា។

អ្វីដែលកាន់តែពិសេសនោះ គឺមានវិធីមួយទៀត ដោយធ្វើការសរសេរគម្រោង ស្នើរសុំជំនួយហិរញ្ញវត្ថុ ពីអង្គការមួយចំនួនក៏ជាជម្រើសល្អ សម្រាប់ការចាប់ផ្ដើមអាជីវកម្មជាមួយហិរញ្ញវត្ថុទាបផងដែរ។ តែវាមានប្រសិទ្ធិភាព លុះត្រាណាតែគម្រោងអាជីវកម្មរបស់អ្នក មានគោលដៅជួយសហគមន៍ ឬ ផ្តល់ប្រយោជន៍អ្វីមួយដល់សង្គមវិញ។ អ្នកត្រូវដឹងថា ប្រាក់ឧបត្ថម្ភទាំងនេះ មិនងាយនឹងទទួលបាននោះទេ ទាល់តែអ្នកចេះស្វែងរក និងមានគម្រោងអាជីវកម្មដែលល្អខ្លាំង ព្រោះត្រូវប្រកួតប្រជែងនឹងអ្នកផ្សេង។

យ៉ាងណាមិញ ចូរអ្នកជៀសឲ្យផុតពីការចងការប្រាក់ និងការយកកម្ចីពីក្រុមហ៊ុនពីរ ឬបីក្នុងពេលតែមួយ ព្រោះវាដូចជាការជាប់អន្ទាក់ ដែលអ្នកអាចពិបាករកផ្លូវចេញវិញ។ ហើយវានឹងធ្វើឲ្យអ្នកមានភាពស្មុគស្មាញ និងប៉ះពាល់ដល់ការធ្វើអាជីវកម្មថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here