ដោយៈសុខុម
តូក្យូ: ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាននិយាយនៅថ្ងៃអង្គារ ទី៣១ សីហា នេះថា ប្រធានរបស់ខ្លួនគឺលោក Masatsugu Asakawa បានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី២ ដែលមានរយៈពេល៥ឆ្នាំដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែវិច្ឆិកា តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ CNA។
ស្ថាប័នដែលតែងតែផ្ដល់ជំនួយដល់ប្រទេសក្រីក្រនានា សម្រាប់ការអភិវឌ្ឍប្រទេសមួយនេះ បានចេញសេចក្តីថ្លែងការណ៍ថា លោក Masatsugu Asakawa ទទួលបានការគាំទ្រជាឯកច្ឆន្ទ សម្រាប់អាណត្តិទី២ ពីក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។
លោកMasatsugu Asakawa ត្រូវបានរដ្ឋាភិបាលជប៉ុន ជ្រើសតាំងសម្រាប់អាណត្តិទី២នេះ។ លោកបានក្លាយជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ីADB នៅខែមករា ឆ្នាំ២០២០ ដោយកាន់តំណែងនេះ សម្រាប់អាណត្តិដែលនៅសេសសល់របស់ប្រធានមុន គឺលោក Takehiko Nakao។
ចាប់តាំងពីធនាគារអភិវឌ្ឍន៍អាស៊ីADB ត្រូវបានបង្កើតឡើងក្នុង១៩៦៦ តំណែងកំពូលរបស់ស្ថាប័នមួយនេះ តែងតែកាន់កាប់ដោយជនជាតិជប៉ុនជានិច្ច ខណៈសហរដ្ឋអាមេរិក គឺជាភាគហ៊ុនិកធំបំផុតរបស់ធនាគារ៕