តើវ៉ាក់សាំង Astrazwneca មានគុណសម្បត្តិបែបណា ខណៈរដ្ឋាភិបាលប្រើប្រាស់វាសំរាប់ដូសទី៣

ដោយៈដែន វិស្សុទ្ឋ

ភ្នំពេញៈ វ៉ាក់សាំង AstraZeneca/ Oxford ដែលកម្ពុជាកំពុងប្រើប្រាស់ សំរាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា សំរាប់ជាដូសទី៣ឬដូសជំរុញ ជាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់សាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។
វ៉ាក់សាំងមួយនេះ ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ ដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាត្រូវបានទទួលស្គាល់គុណភាព និងប្រសិទ្ធភាពស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានប្រសិទ្ធភាពកម្រិតណា?
យោងតាមទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា ការចាក់១ដូសនៃវ៉ាក់សាំង អាស្ត្រាហ្សេនីកា គឺមានប្រសិទ្ធភាពប្រហែល៣៣ភាគរយ ហើយ២ដូសនៃវ៉ាក់សាំងនេះ មានប្រសិទ្ធភាពចន្លោះពី៨៥ ទៅ៩០ភាគរយ ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មិនតែប៉ុណ្ណោះ ទិន្នន័យបញ្ជាក់បន្ថែម​​​ថា ក្រោយចាក់វ៉ាក់សាំងនេះ​ ចំនួន២​ដូសពេញលេញ អាច​ផ្តល់នូវការការពារ​ល្អ ​​ដោយ​ពុំចាំ​បាច់​ចូល​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យឡើយ។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានសមត្ថភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដែរទេ?
យោងតាមការស្រាវជ្រាវដោយ PHE បានរកឃើញថា វ៉ាក់សាំង អាស្ត្រាហ្សេនីកា ចំនួន២ដូស មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនDelta ចំនួន៦៧ភាគរយ និង ៧៤,៥ភាគរយ ប្រឆាំងវីរុសបំប្លែងខ្លួន Alpha ព្រមទាំងបង្ការហានិភ័យ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ពី​វីរុស​បំប្លែង​ខ្លួន​ទាំងពីរនេះទៀតផង។

តើនរណាខ្លះអាចនិងមិនអាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា?
មនុស្សពេញវ័យចាប់ពី ១៨ ឆ្នាំឡើងទៅ ​អាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា របស់អង់គ្លេស សូម្បីតែអ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺធាត់ ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែមក៏ដោយ។ ក្នុងនោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ក៏អនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះបានដែរ លើកលែងតែមនុស្សវ័យក្មេងក្រោម១៨ឆ្នាំ និងអ្នកមានជំងឺរ៉ាំរ៉ៃមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយ អង្គការសុខភាពពិភពលោក។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា បង្កផលរំខានដូចម្ដេច ក្រោយពេលចាក់?
ក្រោយចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ផលប៉ះពាល់បន្ទាប់បន្សំ រួមមាន ឈឺដៃ ក្តៅខ្លួន គ្រុនញាក់តិចតួច និងឈឺក្បាល អាចកើតមានចំពោះបុគ្គលមួយចំនួន។ ដោយឡែកអាការគ្រុនក្តៅច្រើន កើតលើមនុស្សអាយុក្រោម៤០ឆ្នាំ ព្រោះរាងកាយឆ្លើយតបទៅនឹងវ៉ាក់សាំងបានល្អជាងមនុស្សចាស់។

អាការនេះមិនមានគ្រោះថ្នាក់ទេ ហើយបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេល១ទៅ២ថ្ងៃ។

ហេតុអ្វីត្រូវចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកាដូសទី៣?
ការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford ​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ដូស​ទី​៣ ​​ក្នុង​រយៈ​ពេល​ជាង​៦​ខែ ក្រោយដូសទី២ ​​​អាចជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យ​ផលិត​​អង់ទីគ័រ​​ កាន់តែរឹងមាំ​ដើម្បី​កម្ចាត់​មេ​រោគ​កូវីដ-១៩​ រាប់​បញ្ចូល​ទាំង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here