ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ចំណេះដឹងហិរញ្ញវិត្ថុ វាមិនដូចជា ចំណេះដឹងផ្នែកគណនេយ្យនោះទេ ចំណេះដឹងផ្នែកហិរញ្ញាវត្ថុជាចំណេះដឹង ដែលយើងស្គាល់អំពីលុយ ពីជីវិត ពីទំនាក់ទំនងរវាងលុយនិងជីវិត ពីទំនាក់ទំនងរវាងលុយទៅនឹងទ្រព្យឬអចលទ្រព្យផ្សេងៗ ឬអាជីវកម្មផ្សេងៗ។
ដូចនេះពេលដែលយើងដាក់ហិរញ្ញវត្ថុ ចូលទៅក្នុងរបស់ទាំងអស់នឹង មានដូចជាជំនួញ អចលទ្រព្យ ឡាន លុយ មាសពេជ្រ ដី ជីវិត អាពាហ៍ពិពាហ៍ កូន ការងារ មុខរបររបស់យើង ឱ្យយើងមើលឃើញថាវាមានទំនាក់ទំនងគ្នាយ៉ាងម៉េច ការដឹងអំពីទំនាក់ទំនង។
លោក អួន សារ៉ាត់ ជាអ្នកបណ្តុះបណ្តាលម្នាក់ នៅក្នុងក្លិបអ្នកជំនួញឆ្លាត បានបន្តថា “រវាងរឿងរាវទាំងអស់នឹង និងលុយឬយើងហៅថាហិរញ្ញវត្ថុ នឹងគេហៅថា ចំណេះដឹងហិរញ្ញវត្ថុ។ ចំណេះដឹងហិរញ្ញវត្ថុ វាខុសពីគណនេយ្យ ឧទាហរណ៍ គណនេយ្យគឺអ្វីដែលយើងរៀន ឬយើងយើងរៀនជំនាញគណនេយ្យ។ ជំនាញនេះយើងចេះធ្វើបញ្ជី គេកត់ចំណាយចំណូល ចេះធ្វើតារាងប្រតិបត្តិការ ប៉ុន្តែសួរថា ទាំងអស់នឹងគេហៅថាចំណេះដឹងហិរញ្ញវត្ថុទេ? អត់ទេ វាគ្រាន់តែជាជំនាញគណនេយ្យទេ។
បើយើងនិយាយឱ្យចំទៅ គឺថាអ្នករៀនគណនេយ្យគ្រាន់តែចេះរៀបលុយទេ តែមិនចេះរកលុយទេ ។ ដោយឡែកអ្នកដែលមានចំណេះដឹងហិរញ្ញវត្ថុវិញ គឺគេចេះរកលុយ គេចេះប្រើប្រាស់លុយ»។
លោកបានលើកឧទាហរណ៍ថា មនុស្សមាន៤ប្រភេទ ដែលមានចំណេះដឹងហិរញ្ញវត្ថុ និងមិនមាន
ប្រភេទមនុស្សទី១ អ្នកខ្លះអត់មានលុយ តែក្នុងរយៈពេល៤ទៅ៥ ឆ្នាំក្រោយ គាត់ធ្វើឱ្យខ្លួនគាត់ក្លាយជាអ្នក ដែលមានលុយយ៉ាងសម្បើម ប្រកបដោយស្ថេរភាព នេះហើយបានគេហៅថាអ្នកមានចំណេះដឹងហិរញ្ញវត្ថុ។
មនុស្សប្រភេទទី២ អ្នកខ្លះអត់មានលុយ៤ទៅ៥ឆ្នាំក្រោយ ក៏នៅតែអត់លុយដដែល នឹងហៅថាអត់មានចំណេះដឹងហិរញ្ញវត្ថុ។
មនុស្សប្រភេទទី៣ ប្រភេទមួយទៀត អត់មិនមានលុយ ហើយ៣ទៅ៤ឆ្នាំក្រោយ ជំពាក់គេ នេះគឺមនុស្សកាន់តែយ៉ាប់ជាងអ្នកដែលអត់លុយទៀត នោះហៅថា អ្នកដែលមិនមានចំណេះដឹងហិរញ្ញវត្ថុ ហើយការជំពាក់គេនេះ យើងសំដៅទៅលើរឿងអត់ប្រយោជន៍ ឬអាចនិយាយថាបំណុលវ័ន្តករ យើងមិននិយាយការជំពាក់គេ ដែលមានទ្រព្យសម្បត្តិនោះទេ យើងមិននិយាយការជំពាក់គេយកទៅទិញទ្រព្យនោះទេ។ ដូចនេះយើងគួរស្វែងយល់អំពីទ្រព្យ និងបំណុលក្នុងរឿងចំណេះដឹងហិរញ្ញវត្ថុ។
មនុស្សប្រភេទទី៤ អ្នកខ្លះអត់មានលុយ ប៉ុន្តែបែជាទៅចាប់ផ្តើមទៅធ្វើរឿងខុសច្បាប់ ដើម្បីបានលុយមក ដូចជាប្លន់ ឆបោកគេ ឬក៏ទៅធ្វើរឿងអសីលធម៌ ទៅលក់ដូរបន្លំភ្នែកជញ្ជីង ទៅលក់ដូរបន្លំទំនិញ ទៅលក់ដូរបន្លំគុណភាពទំនិញ ទៅលក់ដូរញ៉ាត់គីមីចូលក្នុងបង្គារបង្កង សាច់មាន់ អ៉ីចឹងទៅ។
ងាកមកមើលអ្នក ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹង គេអត់លុយ តែគេដឹងពីរបៀបរកលុយ គេដឹងថាលុយវាគឺជាស្អី លុយរវាងទំនិញ រវាងអាជីវកម្ម រវាងមនុស្ស រវាងពេលវេលា វាកើតឡើងរបៀបយ៉ាងម៉េច។ អញ្ចឹងទោះជាគេអត់មានលុយនៅពេលនេះក៏ដោយ ក៏គេអាចប្រើគំនិតប្រាជ្ញា ចំណេះដឹងសមត្ថភាពរបស់គេទៅរកលុយ នេះបានគេហៅថាអ្នកមានចំណេះដឹងហិរញ្ញវត្ថុ។
បន្ទាប់មកទៀត គេរកបានលុយហើយ គេចេះប្រើប្រាស់លុយនឹងទៀតបានវាអាចកើតទៅជាប្រភពប្រាក់ចំណូលដែលមានស្ថេរភាព៕