ដោយៈ សាវុធ
ភ្នំពេញៈ រូបិយវត្ថុឌីជីថល គឺជារូបិយវត្ថុ ដែលស្ថិតក្នុងទម្រង់ឌីជីថល មិនអាចប៉ះបាន ខុសពីក្រដាសប្រាក់ និងប្រភេទទំនិញ ដែលអាចដោះដូរបានមួយចំនួនដូចជា មាស ឬប្រេងជាដើម។
ភាគច្រើនវាត្រូវបានគ្រប់គ្រង ដោយស្ថាប័នធនាគារ ក្នុងរូបភាពជាក្រេឌីតកាត, e-wallet, payment apps ជាដើម។
លើសពីនេះ វាអាចផ្ដល់ដោយអ្នកផ្ដល់សេវាទូទាត់អនឡាញ ដូចជា Paypal, alipay, MPesa និង wechat pay ក៏អាចចាត់ទុកជារូបិយវត្ថុឌីជីថលដូចគ្នា។ ហើយទម្រង់ដ៏ល្បីល្បាញមួយ នៃលុយឌីជីថលគឺ Bitcoin ។ រូបិយវត្ថុឌីជីថលត្រូវបានផ្លាស់ប្តូរដោយប្រើបច្ចេកវិទ្យាទូរស័ព្ទដៃឆ្លាតវៃ កាតឥណទាន និងការដោះដូរតាមប្រព័ន្ធអនឡាញ។
ក្នុងករណីខ្លះវាអាចត្រូវបានផ្ទេរ ទៅជាសាច់ប្រាក់បាន តាមរយៈការដកប្រាក់ពីម៉ាស៊ីនអេធីអឹម។ ដោយទម្រង់នៃរូបិយវត្ថុឌីជីថលផ្លាស់ប្ដូររហ័ស រដ្ឋាភិបាលមួយចំនួនបានចេញផ្សាយជាសាធារណៈ ជារូបិយវត្ថុឌីជីថលធនាគារកណ្ដាល -central bank digital currencies (CBDC) ក្នុងគោលបំណងចៀសវាងការផ្ទេរប្រាក់ខុសច្បាប់នានា។
គំនិតផ្តួចផ្តើមឯកជន ក៏កំពុងរីកសាយភាយដូចគ្នា ដូចជា eMoney (ដូចជាសេវាកម្មផ្ទេរប្រាក់តាមទូរស័ព្ទរបស់កេនយ៉ា MPesa) និង stablecoins។ ទាំងនេះ ជាតំណាងឌីជីថលនៃតម្លៃ ដែលអាចត្រូវបានផ្ទេរនៅពេលចុចប៊ូតុង ក្នុងករណីខ្លះឆ្លងកាត់ព្រំដែន ងាយស្រួលដូចការផ្ញើអ៊ីម៉ែល។
cryptoassets ជារូបិយវត្ថុឌីជីថល ដែលមិនសូវមានស្ថិរភាពជាងគេ ដោយតម្លៃរបស់វា ត្រូវបានឡើងចុះតាមកម្លាំងជម្រុញទីផ្សារ។ នវានុវត្តន៍ថ្មីនេះ បានកំពុងកើតមានក្នុងពេលបច្ចុប្បន្ន និងវិវត្តទៅមុខយ៉ាងរហ័ស។
បើយោងតាមទិន្នន័យរបស់ IMF បានបង្ហាញថា CBDCs កំពុងត្រូវបានវិភាគយ៉ាងជិតស្និទ្ធ សាកល្បងដាក់ប្រើប្រាស់ ឬទំនងជាត្រូវបានចេញ នៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន១១០នៅជុំវិញពិភពលោក។
ជាក់ស្តែង Bahamas’ Sand Dollar ដែលជារូបិយវត្ថុឌីជីថលរបស់ប្រទេស Bahamas ដែលបានដាក់ឱ្យប្រើប្រាស់មុនគេ។ eCYN ជារូបិយវត្ថុឌីជីថលប្រទេសចិនក៏កំពុងតែព្រាងគម្រោងដាក់ចេញ។ ជារួម ការវិវត្តនៃរូបិយវត្ថុបានបន្តផ្លាស់ប្ដូរយ៉ាងរហ័ស ដែលធ្វើឱ្យអ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពទាំងចំពោះប្រជាជន ព្រមទាំងការគ្រប់គ្រងលំហូរពន្ធរបស់រដ្ឋាភិបាល។
ជាពិសេស ថ្លៃចំណាយនៃការផលិត និងការផ្ទេរកាន់តែមានភាពងាយស្រួល និងទូលំទូលាយ។ ដែលក្នុងរូបភាពមួយរូបិយវត្ថុ ត្រូវបានចាប់ផ្ដើមពីការដោះដូរទំនិញមានតម្លៃ រហូតដល់ការបង្កើតជាក្រដាសប្រាក់ រហូតដល់ការផ្ទេរជាក្រេឌីតកាត កម្មវិធីក្នុងទូរស័ព្ទចល័ត រហូតដល់ការដាក់ក្នុងថ្នាលដែលមិនអាចប៉ះបាន៕