ដោយៈគង់ សិរីម៉ាលីនណា
ភ្នំពេញៈ ទាំងអ្នកចិត្តសាស្រ្តរហូតដល់អ្នកសេដ្ឋកិច្ច នាំគ្នាសិក្សាអំពីសុភមង្គល ហើយក៏មានទ្រឹះស្តីជាច្រើន ដែរទាក់ទងនឹងសុភមង្គល។ អ្នកខ្លះចាត់ទុកថាសមភាពសេដ្ឋកិច្ច គឺជាកត្តាសំខាន់បំផុត។
នាយកប្រតិបត្តិក្រុមហ៊ុនមួយរូប និងជាអ្នកសិក្សាទ្រឹះស្តីសុភមង្គលបានណែនាំគោលការណ៍ទាំង៥នេះ ដើម្បីបង្កើតសុភមង្គលនៅកន្លែងធ្វើការ។
១/ កែប្រែផ្នត់គំនិតរបស់អ្នក
មនុស្សជាច្រើននាក់ស្អប់មិនចង់ទៅធ្វើការទេ ប៉ុន្តែគេត្រូវបង្ខំចិត្តធ្វើ ដើម្បីមានប្រាក់ចំណូលប្រចាំខែរស់នៅ។ ប៉ុន្តែគំនិតយល់ថាការងារគឺជាធម្មជាតិ ផ្ទុយពីការសប្បាយរីករាយនោះ មិនមែនជាគំនិតសកលទេ។ នៅពេលដាណឺម៉ាក ជាប្រទេសជាប់លំដាប់ថ្នាក់លេខមួយខាងសុភមង្គល ប្រជាពលរដ្ឋមិនត្រឹមតែផ្តោតចិត្តទុកដាក់ លើការស្វែងរកសុភមង្គល នៅកន្លែងការងារប៉ុណ្ណោះទេ ពួកគេថែមទាំងមានពាក្យនិយាយទូទៅមួយម៉ាត់ទៀតដែលមានន័យថា សុភមង្គលនៅកន្លែងការងារ។
តើអ្នកយល់ថា ការងារគឺជារឿងផ្ទុយពីសុភមង្គលមែនទេ? ពេលអ្នកឃើញមនុស្សរីករាយនៅកន្លែងការងារ អ្នកប្រហែលសន្និដ្ឋានថា មនុស្សនោះមិនខំធ្វើការទេ។ ការពិតគឺផ្ទុយពីការយល់ឃើញរបស់មនុស្សទូទៅ បើមនុស្សរីករាយកាន់តែខ្លាំង គេធ្វើការបានកាន់តែច្រើន។
២/ ឈប់គិតរឿងធុញទ្រាន់
ការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនGallup រកឃើញថាអ្នកធ្វើការជនជាតិអាមេរិក៣២ភាគរយ យកចិត្តទុកដាក់ធ្វើការយ៉ាងសកម្ម។ ចំណែកអ្នកធ្វើការ៥១ភាគរយមិនសូវយកចិត្តទុកដាក់ទេ ហើយអ្នកធ្វើការ១៧ភាគរយទៀត មិនយកចិត្តទុកដាក់ទាល់តែសោះ។
ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមអ្នកធ្វើការភាគច្រើន ដែលមិនសូវយកចិត្តទុកដាក់នឹងការងារនោះ អ្នកត្រូវកែប្រែខ្លះហើយ។ មូលហេតុមួយជ្រុងនៃការមិនយកចិត្តទុកដាក់ក្នុងការងារ គឺបណ្តាលមកពីភាពធុញទ្រាន់ ហើយការធ្វើការងារដដែលៗរាល់ថ្ងៃ គឺជាផ្លូវនាំទៅរកភាពធុញទ្រាន់។ ប្រសិនបើអ្នកធុញទ្រាន់នឹងការងារ ស្វែងរកអ្វីដែលថ្មី ដើម្បីរៀន ឬរកទំនួលខុសត្រូវថ្មី។
៣/ ដើរចេញពីការិយាល័យ
ការទទួលទានអាហារថ្ងៃត្រង់ នៅក្រៅការិយាល័យ គឺជាទម្លាប់មួយដែលធ្វើឱ្យអ្នកមិនសូវធុញទ្រាន់នឹងកន្លែងការងារ។ អ្នកត្រូវការអាហារ ដើម្បីមានថាមពលសម្រាប់រាងកាយ ខួរក្បាលរបស់អ្នកក៏ត្រូវការបរិយាកាសថ្មី ដើម្បីបញ្ចូលភាពស្រស់ស្រាយដែរ។ ការសិក្សាស្រាវជ្រាវមួយរកឃើញថា ការទទួលទានអាហារជាមួយមិត្តរួមការងារ ធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយពីការងារបានច្រើន ជាងការអង្គុយទទួលទានអាហារតែម្នាក់ឯងនៅក្នុងការិយាល័យ។
ជាងនេះទៅទៀត ប្រសិនបើអ្នកដើរទៅរកកន្លែងទទួលទានអាហារ ដែលនៅឆ្ងាយពីការិយាល័យ ឬធ្វើសកម្មភាពបញ្ចេញពលកម្ម រាងកាយរបស់អ្នកកាន់តែមានភាពស្វាហាប់ និងមានសុខភាពល្អ។
៤/ ញញឹម
ការញញឹម ពិតជាមានទំនាក់ទំនង ទៅនឹងសុភមង្គលរបស់មនុស្ស។ ដំបូងអ្នកប្រហែលជាត្រូវបង្ខំចិត្តញញឹម ប៉ុន្តែប្រសិនបើអ្នកព្យាយាមញញឹមឱ្យបានញឹកញាប់ បើទោះជាអ្នកមិនសប្បាយចិត្តក៏ដោយ ខួរក្បាលរបស់អ្នកនឹងកត់សម្គាល់ភាពញញឹមនេះទុកបានច្រើនជាងភាពធុញទ្រាន់។
៥/ ឈប់ធ្វើការតែម្តង
មធ្យោបាយមួយនេះ ប្រហែលជាពិបាកបន្តិច ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តការងារដែលអ្នកធ្វើទេ អ្នកគួរតែឈប់ធ្វើ។ ជីវិតនេះខ្លីពេកណាស់ សម្រាប់មនុស្សដែលមិនចេះរស់នៅដោយរីករាយ។
មនុស្សយើងគ្រប់គ្នា ពិតជាត្រូវការការងារ ដើម្បីរស់នៅ ប៉ុន្តែក៏មានការងារច្រើនប្រភេទណាស់ដែរ ដែលអាចនឹងត្រូវចិត្តមនុស្សគ្រប់គ្នា៕