ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងអំឡុងនៃការរីកចម្រើនៃបច្ចេកវិទ្យាឌីជីថល គេឃើញថាមានមនុស្សជាច្រើនបាន និងកំពុងយកបច្ចេកវិទ្យា សម្រាប់ប្រើប្រាស់ទាំងការងារនិងការរស់នៅប្រចាំថ្ងៃ។
អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា ក៏កំពុងតែធ្វើពិពិធកម្មជាបន្តបន្ទាប់ទៀត ដើម្បីស្រួលដល់អ្នកប្រើប្រាស់ ។ តើនវានុវត្តន៍ឌីជីថល វាមានសារសំខាន់យ៉ាងណាខ្លះ សម្រាប់ការរស់នៅ និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា?។
លោកបេ ចន្ត្រា នាយកផ្នែកទំនាក់ទនងនៃសាធារណៈ ផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងរាជ្យបណ្ឌិតសភារ្យកម្ពុជាបានមានប្រសាសន៍ថា នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល គឺសំដៅលើការធ្វើទំនើបកម្ម នៅតាមស្ថាប័ននីមួយៗ ក៏ដូចជាតាមសហគ្រាសនានាជាដើម ។
លោកបន្តថា “មនុស្សសម័យនេះ គឺកំពុងរស់នៅក្នុងឌីជីថល ហើយបើអ្នកណាម្នាក់ដែលរស់ឆ្ងាយពីឌីជីថល គឺពិតជាមានលក្ខណៈខុសប្លែកពីគេ”។ លោកបន្តថា “រដ្ឋាភិបាលកម្ពុជាបាន និងកំពុងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ជំរុញនវានុវត្តន៍ឌីជីថល ប៉ុន្តែមិនទាន់មានការចូលរួមពីប្រជាជនកម្ពុជាប៉ុន្មាននោះទេ”។
លោកបន្តថា តាមរយៈបទពិសោធន៍នៃជំងឺកូវីដ១៩ បានធ្វើឱ្យមានការប្រែប្រួលខ្លាំង ដែលធ្វើឱ្យស្ថាប័នមួយចំនួន ចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែច្រើន ជាក់ស្ដែង ដូចជា ការសិក្សារៀនសូត្រតាមអនឡាញ ដែលជាវិធីមួយមិនធ្លាប់មានពីមុនមកនោះទេ។
លោកបេ ចន្រ្តាបានបន្ថែមថា នវានុវត្តន៍ឌីជីថលនេះ វាពិតជាបានជំរុញវិស័យសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀត ដោយយើងបានឃើញថា ថ្មីៗនេះរាជរដ្ឋាភិបាលចាប់ផ្ដើមបង្កើតគោលនយោបាយថ្មីមួយ ដែលនិយាយអំពីក្របខណ្ឌ គោនយោបាយនិងសង្គមឌីជីថល ។ ដូច្នេះទាក់ទងនឹងឌីជីថលនេះ រដ្ឋាភិបាលបានត្រៀមរួចហើយ ក្នុងការជំរុញការប្រើប្រាស់ឌីជីថលនេះកាន់តែច្រើន ដោយចាប់ផ្ដើមពីឆ្នាំ២០២១នេះ ទៅដល់ឆ្នាំ២០៣៥ ដែលយើងមាន១៥ឆ្នាំ ក្នុងការជំរុញការប្រើប្រាស់ឌីជីថល ទៅដល់ពលរដ្ឋកម្ពុជា ដើម្បីឱ្យមានពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីល និងធុរកិច្ចឌីជីថល។
នៅក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ន បច្ចេកវិទ្យាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាក់ស្ដែងសិស្ស និស្សិត ដែលរស់នៅទីក្រុងឬទីប្រជុំជន ក៏ទទួលបានការអប់រំតាមប្រព័ន្ធ បច្ចេកវិទ្យាអនឡាញ តែសម្រាប់សិស្សរស់នៅជនបទ និងទីដាច់ស្រយាលវិញមិនបានសិក្សារៀនសូត្រនោះទេ ក្នុងបរិបទកូវីដ១៩ ដោយសារតែសាលាមិនបានតភ្ជាប់រចនាសម្ព័ន្ធសិក្សាតា មអនឡាញហើយសិស្សានុសិស្ស ក៏ខ្វះខាតនូវបច្ចេកវិទ្យាឌីជីថលក្នុងសិក្សាតាមអនឡាញនេះដែរ ។
បច្ចេកវិទ្យាឌីជីថល ពិតជាមានសារសំខាន់ នៅក្នុងពេលបច្ចុប្បន្ននេះទាំងក្នុងជីវភាពរស់នៅ និងអាជីវកម្មនៅតាមស្ថាប័ន សហគ្រាសផងដែរ៕