រដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែដើម្បីពង្រីកសក្តានុពលដឹកជញ្ជូន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ដើម្បីសម្រួលនិងជំរុញការដឹកជញ្ជូនទំនិញ និងសេវាកម្មលើកដាក់ទំនិញនានា។

ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់នេះ បញ្ចប់បានឆាប់រហ័ស លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញ ដល់ក្រុមការងារជំនាញពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីកំពង់ផែ ចូលរួមផ្តល់ធាតុចូល គំនិតមតិយោបល់ឱ្យបានផុលផុសដើម្បីបំពេញបន្ថែម ទៅលើចំណុចខ្វះខាត និងខិតខំពន្លឿន ការរៀបចំសេចក្តីព្រាងច្បាប់នេះ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ច្បាប់ស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែ ដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកំពង់ផែ ប្រកបដោយចីរភាព និងធានាឱ្យបានកាន់តែប្រសើរនូវប្រ​សិទ្ធភាព និងសមត្ថភាពកំពង់ផែ ដែលអាចផ្ដល់សេវា ដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត មានភាពងាយស្រួលឆាប់រហ័ស តម្លៃសមស្រប មានសន្តិសុខ និងសុវត្ថិភាពដល់នាវាទំនិញ និងអ្នកដំណើរចូលរួមចំណែកការពារបរិស្ថាន ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែ នៅក្នុងតំបន់និងអន្តរជាតិ។

នៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពង់ផែទន្លេ មានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមានចំនួន២៧។ មុខងារកំពង់ផែទាំងនោះ ត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះមានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here