ក្រុមហ៊ុន Grab ផ្តួចផ្តើមគំនិតឱ្យអ្នកធ្វើដំណើរចូលរួមកាត់បន្ថយឧស្ម័នកាបូនដើម្បីរួមចំណែកការពារបរិស្ថាននៅកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ អ្នកធ្វើដំណើររបស់ក្រុមហ៊ុន Grab (ហ្គ្រែប)នឹងទទួលបាននូវជម្រើសថ្មីមួយសម្រាប់ការធ្វើដំណើររបស់ខ្លួនក្នុងលក្ខខណ្ឌរួមចំ ណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស តាមរយៈការទិញឥណទានកាបូ នពីគម្រោងរេដបូក កែវសីមា ដែលកំពុងអនុវត្តនៅក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាWCS កាលពីម្សិលមិញ។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អ្នក ធ្វើដំណើរដែលប្រើប្រាស់កម្មវិធីភ្ជាប់សេវាយានជំនិះរបស់ក្រុមហ៊ុនGrab នឹងទទួលបាននូវជ ម្រើសថ្មីសម្រាប់ការធ្វើដំណើរក្នុងលក្ខខណ្ឌរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន ចូ លក្នុងបរិយាកាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះគឺជាការរួមចំណែកផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដោយអ្នកធ្វើដំណើរដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនGrabទាំងអស់ អាចបញ្ជាទិញឥណទានកាបូនពីគម្រោងរេដបូក កែវសីមា ដែលកំពុងអនុវត្តនៅក្នុងខេត្តមណ្ឌលគិរី សម្រាប់ការធ្វើដំណើររបស់ខ្លួនម្តងៗ។

លោកជួប ប៉ារីស អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានក្រសួងបរិស្ថាននិងជាជនបង្គោលរេដបូកជាតិ បានមានប្រសាសន៍ថា យើងមានក្តីរំភើបយ៉ាងខ្លាំងដែលក្រុមហ៊ុន Grab បានដាក់បញ្ចូលគំនិតផ្តួចផ្តើមថ្មីនេះនៅក្នុងកម្មវិធីភ្ជាប់សេវាយានជំនិះរបស់ខ្លួន (Grab App) ។

លោកបានថ្លែងបន្តថា តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសង្ឃឹមថា យើងមិនត្រឹមតែបានជួយលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជាអំពីបរិមាណកាបូនដែលបានបំភាយចូលក្នុងបរិយាកាសប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញអំពីប្រសិទ្ធិភាពនៃការងារអភិរក្សដែលកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានឱ្យដឹងថា ឥឡូវនេះ ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងផ្ទាល់អាចគាំទ្រយ៉ាងសកម្មចំពោះមរតកធម្មជាតិដ៏ពិសិដ្ឋរបស់ប្រទេសតាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរដោយគិតគូរដល់បរិស្ថាន។យើងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ចូលរួមគាំទ្រគំនិតផ្តួចផ្តើមនេះ។

នៅពេលកក់សេវាយានជំនិះ អ្នកប្រើប្រាស់នឹងត្រូវបានណែនាំឱ្យដឹងភ្លាមអំពីវិធីទិញឥណទានកាបូននេះតាមកម្មវិធីហ្គ្រែបអ៊ែប (Grab App)។ នៅពេលដែលលោកអ្នកបានជ្រើសរើសលក្ខខណ្ឌយល់ព្រមនៅក្នុងAppរួច នោះបញ្ជាក់ថា លោកអ្នកបានស្ម័គ្រចិត្តបង់ប្រាក់ផ្ទាល់ខ្លួន ១០០រៀល សម្រាប់ការធ្វើដំណើរម្តង ដែលប្រាក់នេះគឺជាការរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនចេញពីយានជំនិះដែលលោកអ្នកធ្វើដំណើរម្តងៗ។ នេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ក្រុមហ៊ុនGrabក្នុងការចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូន និងផលប៉ះពាល់ដល់បរិស្ថាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

គម្រោងរេដបូក កែវសីមា បាននិងកំពុងអនុវត្តក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា។ គម្រោងនេះការពារព្រៃឈើនៅសេសសល់ដែលមានទំហំធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលជាទីជម្រកសម្រាប់ប្រភេទសត្វនិងរុក្ខជាតិដែលទទួលរងការគំរាមកំហែងខ្លាំងបំផុតនៅអាស៊ី ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយចីរភាព ជាពិសេសជនជាតិដើមភាគតិចពូនង(ព្នង)ដែលរស់នៅក្នុងតំបន់នេះតាំងពីយូរលង់មក។

បច្ចុប្បន្ន តំបន់ព្រៃនេះកំពុងប្រឈមនឹងការបាត់បង់ដោយសារកត្តាមួយចំនួន។ គម្រោងរេដបូក កែវសីមា ទប់ស្កាត់មិនឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់បន្ថែមចូលទៅក្នុងបរិយាកាស ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ តាមរយៈការការពារព្រៃឈើទាំងនេះដោយប្រើប្រាស់នូវមូលនិធិរៃអង្គាសបានពីការលក់ឥណទានកាបូន។

លោកកែន សេរីរដ្ឋានាយកអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានមានប្រសាសន៍ថា រេដបូក គឺជាយន្តការអន្តរជាតិមួយដែលគាំទ្រគម្រោងនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍដើម្បីចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរឹលព្រៃឈើ។

លោកសេរីរដ្ឋា បានបញ្ជាក់បន្ថែមទៀតថា គម្រោងរេដបូក កែវសីមា ត្រូវបានផ្ទៀងផ្ទាត់ក្រោមស្តង់ដាវាយតម្លៃកាបូនល្បីឈ្មោះចំនួនពីរគឺ ស្តង់ដាផ្ទៀងផ្ទាត់កាបូន (VCS) និងស្តង់ដាអាកាសធាតុ សហគមន៍ និងជីវចម្រុះ (CCBS) ដែលធានាថា ឥណទានកាបូនដែលអ្នកបានទិញមិនត្រឹមតែបានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានរួមចំណែកការពារនិងអភិរក្សជីវៈចម្រុះ និងធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here