ល្បឿននៃការអភិវឌ្ឍប្រព័ន្ធទូទាត់លើបច្ចេកវិទ្យាហិរញ្ញវត្ថុជាការគាំទ្រដល់ ទិសដៅរដ្ឋាភិបាល

ដោយៈលក្ខិណា

ភ្នំពេញៈ លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា ការបង្កើនល្បឿននៃការអភិវឌ្ឍប្រព័ន្ធទូទាត់ ផ្អែកលើបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ក៏ជាអាទិភាពមួយ ដែលត្រូវបានអនុវត្តដោយជោគជ័យ និងបានគាំទ្រដល់ទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឌីជីថលូបនីយកម្មសេដ្ឋកិច្ចកម្ពុជា។

លោកបានបន្តថា ប្រព័ន្ធទូទាត់ទំនើប មិនត្រឹមតែបានចូលរួមចំណែកសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ថែមទាំងចូលរួមដោយផ្ទាល់ដល់កំណើន តាមរយៈការកាត់បន្ថយការចំណាយប្រតិបត្តិការ ហើយថែមទាំងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ផងដែរ ។ ទោះយ៉ាងណា ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ក៏អាចមានបញ្ហាប្រឈម នឹងហានិភ័យដែលត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបញ្ហាឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា “នៅចំពោះមុខសេដ្ឋកិច្ច ពិភពលោកបានរំពឹងដោយសុទិដ្ឋិនិ​យមថានឹងអាចងើបឡើង ដែលនឹងផ្ដល់នូវភាពអំណោយផល ដល់វិស័យខាងក្រៅរបស់កម្ពុជា ជាពិសេសការនាំចេញ និងការវិនិយោគដែលនឹងគាំទ្រ បន្តដល់វិស័យពាក់ព័ន្ធនានា ដែលជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានកំណើនវិជ្ជមានវិញ”។លោកបន្តថា “ទោះបីជាវិស័យទេសចរណ៍ អាចនឹងងើបឡើងក្នុងរយៈពេលយូរក៏ដោយ”។

យ៉ាងណាមិញសេដ្ឋកិច្ចកម្ពុជា ដូចនឹងសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នានា ក៏ប្រឈមនឹងរលកថ្មី នៃការរីករាលដាលនៃជំងឺកូវីដ១៩ ការកើនឡើងនៃបំណុលសាធារណៈនិងឯកជន និងការកើនឡើងនៃវិសមភាពនិងភាពក្រីក្រផងដែរ ។

លោកជា ចាត់តូបានបន្ថែមថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តត្រៀមខ្លួន ក្នុងការរួមចំណែកស្ដារនិងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការគាំទ្រចាំបាច់នានា ប្រកបដោយប្រុងប្រយ័ត្ន សន្សឹមៗនិងអាចរំពឹងទុកបាន។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងហានិភ័យឱ្យបានគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍផែនការការពារហានិភ័យជាយថាហេតុ ស្របតាមការវិវត្ត នៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិនិងអន្តរជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here