ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ទីផ្សារគម្រោងវិនិយោគរួម ឬទីផ្សារមូលនិធិ គឺជាទីផ្សារថ្មីមួយនៅកម្ពុជា ដែលជាច្រកផ្តល់ហិរញ្ញប្បទានយ៉ាងសំខាន់ នៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗ។
អាជីវកម្មគម្រោងវិនិយោគរួម (collective Investment Scheme) គឺជាប្រភេទអាជីវកម្មមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន គ្រប់គ្រងមូលនិធិបង្កើតគម្រោងវិនិយោគ ដើម្បីប្រមូលមូលនិធិ ឬសាច់ប្រាក់ពី វិនិយោគិនយកទៅវិនិយោគក្នុងគម្រោង ដែលបានកំណត់ និងបែងចែកប្រាក់ចំណេញ ឬអត្ថប្រយោជន៍ត្រឡប់មកវិនិយោគិន ដែលបានចូលរួមវិញ។
ដើម្បីអាចដំណើរការអាជីវកម្មគម្រោងវិនិយោគរួម ចាំបាច់ត្រូវមានការចូលរួមពីតួអង្គសំខាន់ៗមួយចំនួន មានជាអាទិ៍ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ (Fund Management Company) ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស (Trustee) ក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សង (Distribution Company) និងក្រុមហ៊ុនអភិបាលមូលនិធិ (Fund Administrator)។
ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ជាតួអង្គចម្បងដែលមានតួនាទី ក្នុងការបង្កើតគ្រប់គ្រង និងចាត់ចែងមូលនិធិ ដើម្បីវិនិយោគក្នុងគម្រោងវិនិយោគណាមួយ ដែលមានការវិភាគច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈជំនាញ ដើម្បីទទួលបានប្រាក់ចំណេញជាអតិបរមាសម្រាប់មូលនិធិក្នុងកម្រិតហានិភ័យទទួលយកបាន។
ក្រុមហ៊ុនគ្រប់គ្រងមូលនិធិអាចបង្កើតមូលនិធិ តាមរយៈការបោះផ្សាយលក់ឯកតាមូលនិធិទៅកាន់វិនិយោគិន ដើម្បីធ្វើការប្រមូលសាច់ប្រាក់ មកធ្វើការវិនិយោគលើគម្រោង ដែលបានទទួលការអនុញ្ញាតពី ន.ម.ក។ ការលក់ឯកតាមូលនិធិ ទៅកាន់វិនិយោគិនត្រូវធ្វើឡើង ដោយក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សង។
ក្រៅពីតួនាទីជាអ្នកជួយលក់ឯកតាមូលនិធិ ក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សងដែលជាអ្នកបើកគណនីជូនវិនិយោគិន ក៏មានតួនាទីក្នុងការទទួលទិញត្រឡប់មកវិញនូវឯកតាមូលនិធិ ដែលវិនិយោគិនចង់លក់ត្រឡប់ ទៅឱ្យមូលនិធិវិញផងដែរ។
តម្លៃនៃឯកតាមូលនិធិ អាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតម្លៃនៃទ្រព្យសកម្មរបស់មូលនិធិ អាចមានការប្រែប្រួល ហើយក្រុមហ៊ុនអភិបាលមូលនិធិគឺជាក្រុមហ៊ុនដែលមានតួនាទីក្នុងការវាយតម្លៃទ្រព្យសកម្មសុទ្ធ និងកំណត់តម្លៃឯកតាមូលនិធិ ផ្ទេរកម្មសិទ្ធិនៃឯកតាមូលនិធិ និងគណនាទ្រព្យសម្បត្តិនៃបរធនវិនិយោគ។
រាល់សាច់ប្រាក់ ដែលក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ប្រមូលបានពីវិនិយោគិន តាមរយៈការបោះផ្សាយលក់ឯកតាមូលនិធិនេះ នឹងមិនត្រូវបានរក្សាទុកដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្ទាល់នោះទេ ពោលគឺសាច់ប្រាក់ទាំងនោះ នឹងត្រូវរក្សាទុកដោយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ដែលជាអ្នកតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិ ស្របច្បាប់លើទ្រព្យសម្បត្តិបរធនវិនិយោគ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ ន.ម.ក។
ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ត្រូវតែជាក្រុមហ៊ុនឯករាជ្យ ពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងត្រូវមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ និងតាមដានយ៉ាងសកម្ម ព្រមទាំងធានាថាប្រតិបត្តិការ និងការគ្រប់គ្រងគម្រោងវិនិយោគរួម របស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិធ្វើឡើង ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
តួអង្គដូចដែលបានរៀបរាប់ខាងលើ ត្រូវតែជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ម.ក. ដែលជានិយ័តករនៃវិស័យមូលបត្រក្នុងប្រទេសកម្ពុជា។ គិតមកត្រឹមត្រីមាសទី ១ ឆ្នាំ ២០២១ នេះ ន.ម.ក. បាន ផ្ដល់អាជ្ញាបណ្ណ/ការអនុញ្ញាត ដល់ក្រុមហ៊ុនដូចខាងក្រោម។
សាធារណជនអាចស្វែងរកឈ្មោះក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ម.ក. តាមរយៈគេហទំព័ររបស់ ន.ម.ក. ឬ តាមរយៈ QR code ដូចមានភ្ជាប់មកជាមួយ៕ ប្រភព postkhmer៕