ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ខណៈដែលកិច្ចចចារប្រាក់អប្បបរមា ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២ នឹងឈានមកដល់នាពេលខាងមុខនេះ ភាគីកម្មករនិយោជិតនិងសហជីពសង្ឃឹមទុកថា នឹងអាចតម្លើងដូចរៀងរាល់ឆ្នាំ ទោះបីជាក្នុងចំនួនតិច ឬច្រើនយ៉ាងណាក៏ដោយ។
ក្រុមកម្មករ និយោជិត រោងចក្រស៊ីជី គ្លូរី ខេមបូឌា ស្ថិតនៅផ្លូវទ្រង់មាន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញបាននិយាយឲ្យដឹង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១កន្លងមកថា មកដល់ពេលនេះ ការចូលបម្រើការងារក្នុងវិស័យកាត់ដេររយៈពេល១០ឆ្នាំ ហើយប្រាក់ឈ្នួលដែលទទួលបាន គឺតែងតែតម្លើងជារៀងរាល់ឆ្នាំផងដែរ។ ពួកគេនៅតែរំពឹងថា នឹងទទួលបានការតម្លើងប្រាក់ឈ្នួលគោល ខ្ពស់បន្តទៀតសម្រាប់ឆ្នាំ២០២២ បើទោះបីជាដឹងថាស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ដោយ ដោយសារការងារមានរាល់ថ្ងៃ និងពេលខ្លះត្រូវថែមម៉ោងទៀតផង ដើម្បីពន្លឿនទំនិញជូនភ្ញៀវបញ្ជាទិញ ជាពិសេសជឿជាក់លើការដឹកនាំដ៏ល្អរបស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។
ទោះបីជាប្រាក់ឈ្នួលអាចតម្លើង ឬមិនអាចតម្លើងបានសម្រាប់ឆ្នាំ២០២២ ក៏នៅតែពេញចិត្តទទួល ព្រោះដូចដឹងស្រាប់ហើយថា ក្នុងវិបត្តិកូវីដ១៩នេះឲ្យតែមានការងារធ្វើដូចសព្វថ្ងៃ ហើយរោងចក្រនៅតែបើកដំណើរការ គឺពិតជាល្អណាស់ហើយ ព្រោះថាក្រោយការរាតត្បាតជំងឺកូវីដ១៩ ធ្វើឲ្យរោងចក្រមួយចំនួនបានបង្ខំចិត្ត ផ្អាកដំណើរការអាជីវកម្ម និងជះឥទ្ធិពលដល់កម្មករបាត់បង់ការងារផងដែរ។
ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមារឆ្នាំ២០២២ខាងមុខ នឹងមានផលវិជ្ជមានជាងឆ្នាំមុន ដោយសារតែឆ្នាំនេះ ត្បិតតែមានការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែកត់សម្គាល់ឃើញថា ការនាំចេញមិនមានការរាំងស្ទះអី្វទេ បើប្រៀបធៀបទៅនិងឆ្នាំ២០២០គឺខុសគ្នា ដោយសារឆ្នាំនេះទំាងទីផ្សារសហរដ្ឋអាម៉េរិក និងប៉ែកអឺរ៉ុប នៅតែមានការបញ្ជាទិញ ថ្វីត្បិតតែកូវីដតែការនាំចេញធម្មតា។
លោកបន្តថា “ពេលនេះមិនទាន់ដឹងនៅឡើយទេ ថាអាចនឹងឡើងបានប៉ុន្មានទេ ដោយត្រូវរងចាំការចចារ និងពិនិត្យលើស្ថានភាពសេដ្ឋកិច្ច និងសង្គមសិន ទើបដឹងថាតើត្រូវតម្លើងបានចំនួនប៉ុន្មាននោះ និងត្រូវពិនិត្យបន្ថែមលើឯកសារអំណះអំណា ងពីភាគីពាក់ព័ន្ធទាំងអស់ជុំវិញលទ្ធផល នៃការស្រាវជ្រាវក្នុងវិស័យកាត់ដេរនេះ”។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំ២០២១ខាងមុខ និងប្រហែលជាធ្វើតាមអនឡាញ។
គិតក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១នេះ ការនាំចេញផលិតកាត់ដេរចំនួនសរុបជាង ៤,៧២១លានដុល្លារអាម៉េរិក កើនឡើងប្រមាណ៤០លានដុល្លារ ស្មើនឹង០.៩ភាគរយ។ ដោយឡែក ពាក់ព័ន្ធប្រាក់ឈ្នួលអប្បបរមារបស់កម្ម ករនិយោជិតក្នុងវិស័យកាត់ដេរ គិតមកដល់ឆ្នាំ២០២១នេះ មានចំនួន ១៩២ដុល្លារអាមេរិក៕