ដំណឹងល្អៈនៅចុងខែកក្កដានេះកម្ពុជារំពឹងទទួលបានវ៉ាក់សាំង២០លានដូស គ្រប់តាមផែនការ

ដោយៈ លក្ខិណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន២០លានដូសគ្រប់តាមផែនការនៅចុងខែកក្កដានេះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២២ កក្កដា ២០២១នេះថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង១៦លានដូសទាំងស៊ីណូវ៉ាក់ ស៊ីណូហ្វាម និង Astra Zeneca ដែលមកដល់តាំងពីអំឡុងខែកុម្ភៈ ២០២១ ហើយនៅថ្ងៃទី២៣កក្កដា២០២១ស្អែកនេះ កម្ពុជានឹងទទួល៣៣ម៉ឺន២ពាន់ដូសទៀត ពីជំនួយទ្វេភាគីពីប្រទេសជប៉ុន ដូច្នេះនៅចុងខែកក្កដានេះ កម្ពុជាអាចទទួលបានវ៉ាក់សាំងសរុប២០លានដូស សម្រាប់ចាក់ជូនពលរដ្ឋ១០លាននាក់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបន្តទៀតថា “នៅក្នុងសីហា២០២១ យើងនឹងទទួលបានស៊ីណូវ៉ាក់ពីប្រ​ទេ​សចិន៣លានដូស និងខែកញ្ញានឹងទទួលបាន២លានដូសទៀត សម្រាប់ចាក់ជូនក្មេងៗទៅតាមការណែនាំរបស់សម្ដេចតេជោ”។ លោកស្រីថា “ក្រៅពីវ៉ាក់សាំងទាំងនេះ យើងក៏នឹងមានវ៉ាក់សាំងចនសុន &ចនសុន ប្រហែល១លានដូសទៀតសម្រាប់ចាក់ជូនពលរដ្ឋកម្ពុជា តែមិនទាន់ច្បាស់ថានឹងមកដល់នៅពេលណានោះទេ”។

លោកស្រីយក់ សម្បត្តិបានបន្ថែមថា ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសជិតខាងរបស់កម្ពុជាយើងនាពេលនេះ ឃើញថាកំពុងមានស្ថានភាពធ្ងន់ធ្ងរ ដូចជាប្រទេសថៃ និងវៀតណាម ហើយប្រទេសទាំងនោះ មិនទាន់មានវ៉ាក់សាំងចាក់ជូនពលរដ្ឋ គ្រប់គ្រាន់ដូចកម្ពុជានៅឡើយទេ។ នៅកម្ពុជាយើងបានចាក់វ៉ាក់សាំងជូនពលរដ្ឋ ប្រមាណជាង៦៣ភាគរយហើយ មកដល់ពេលនេះ  ហើយយើងក៏មានវ៉ាក់សាំង នៅក្នុងដៃសម្រាប់ចាក់ជូនពលរដ្ឋជាបន្តបន្ទាប់ទៀតដែរ និងមានគោលដៅ ចាក់ជូនកុមារបន្ទាប់ពីចាក់ជូនមនុស្សពេញវ័យនិងមនុស្សចាស់រួចរាល់ ។

លោកស្រីបញ្ជាក់ថា ថ្វីតត្បិតតែយើងចាក់វ៉ាក់សាំងរួចហើយក្ដី តែយើងមិនត្រូវធ្វេសប្រហែលឡើយ គឺយើងត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យ រក្សាគម្លាតមិនត្រូវប្រមូលផ្ដុំគ្នាច្រើន ។ ដូច្នេះវ៉ាក់សាំងតែមួយមុខ មិនអាចទទួលបានជោគជ័យក្នុងការកាត់ផ្ដាច់ការចម្លងមេរោគនេះបានឡើយ គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបទាំងអស់ទើបអាចទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here