វិភាគៈ អាមេរិក ជាមហាអំណាចទី១ ហេតុអ្វីជំពាក់លុយមហាយក្សចិន ដែលជាគូប្រជែងធំបំផុតរបស់ខ្លួនច្រើនម៉្លេះ?

NEW YORK, NY - JANUARY 12: Traders work on the floor of the New York Stock Exchange (NYSE) on January 12, 2015 in New York City. Stocks were slightly lower in morning trading on news of a continued drop in global oil prices and that jewelry retailer Tiffany & Co. had weaker than expected holiday sales. (Photo by Spencer Platt/Getty Images)

ដោយៈសុខុម

វិភាគ: អ្នក​ខ្លះប្រហែលធ្លាប់បានឮរហៀងៗរួចមកហើយថា សហរដ្ឋ​អាមេរិក ជំពាក់លុយមហាយក្សចិនច្រើនណាស់។

តើវាជាការពិតទេ ឬក៏គ្រាន់តែជាពាក្យចចាអារ៉ាម? សំណួរ​ជាច្រើន​ត្រូវ​បាន​ចោទសួរជុំវិញបញ្ហានេះ ហើយ​ចម្លើយទៀត​សោតក៏មាន​ខុសៗគ្នា ដោយ​ខ្លះឆ្លើយ​ថាវាជាការពិត ប៉ុន្តែគ្មាន​អ្វីជាអំណះ​អំណាង​ច្បាស់​លាស់ ឬយក​ជា​ការ​បាន ចំណែកឯខ្លះទៀតនិយាយថា វាមិន​អាច​ទៅរួច​ដាច់​ខាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកដែល​ឆ្លើយថា មិនអាចទៅរួចដាច់ខាត ដោយ​បានទាញ​ហេតុផល​ងាយស្ដាប់​បានចំនួន២ មកធ្វើជាទឡ្ហីករណ៍ការពារដូចខាងក្រោម៖

ទី១- សហរដ្ឋអាមេរិក ជាប្រទេសមហាអំណាច​ទី១ ក្នុង​ពិភព​លោក​មិនថា​ផ្នែក​យោធា និងសេដ្ឋកិច្ច ហើយប្រទេសនេះ ត្រូវចំណាយ​លុយយ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ក្នុងមួយឆ្នាំៗ នៅក្នុងការផ្ដល់ជំនួយ ដល់បណ្ដា​ប្រទេសជា​សម្ព័ន្ធមិត្ត​ទូទាំង​ពិភពលោក រួមទាំងស្ថាប័នអន្តរជាតិនានាផង ដើម្បី​ឱ្យខ្លួន​នៅ​តែ​អាចរក្សា​បាន​តំណែងជាមហាអំណាចទី១។ ដូចនេះវាគ្មានផ្លូវឡើយ ដែល​សហ​រដ្ឋ​អាមេរិក ជំពាក់លុយប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

ទី២- ពិភពលោកសុទ្ធតែដឹងថា គូប្រជែងដ៏ធំបំផុត និង​គ្រោះថ្នាក់​បំផុត​របស់​សហរដ្ឋអាមេរិក គឺមហាយក្សចិន ដែលតែង​តែចង់ចិត្ត​ទាញ​ទម្លាក់​សហរដ្ឋអាមេរិក ដើម្បីខ្លួនឡើងធ្វើជាមហាអំណាចសេដ្ឋកិច្ចទី១ ឬ​សូម្បី​មហា​អំណាច​យោធាទៀតផងក៏អាចថាបាននៅពេលអនាគត។

ការ​ប្រជែងគ្នាយ៉ាងស្វិតស្វាញ និងដ៏​ល្វីងជូរចត់បំផុត​ដែលយើង​បាន​ឃើញ​​បង្ហាញថា មហាយក្សទាំងពីរនេះបានជួបភាពជូរចត់កាន់តែខ្លាំង ក្រោម​រដ្ឋការ​ប្រធា​នាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំ បាន​បញ្ឆេះ​សង្គ្រាមពាណិជ្ជកម្មយ៉ាងក្ដៅគគុកជាមួយមហាយក្សចិន ក្រោម​ការដឹកនាំ​របស់​បុរសខ្លាំង ស៊ី ជីនភីង។ និយា​យដោយសង្ខេប ឬឱ្យងាយស្ដាប់បានគឺថា មហាយក្សទាំងពីរនេះ គឺជាសត្រូវស៊ីសាច់ហុតឈាម ថ្វីបើមិន​ទាន់ឈាន​ដល់ការ​ផ្ទុះសង្គ្រាមយោធាក្ដី។ ដូចនេះ វាមិនអាច​ទៅរួច​ឡើយ​ដែល​សត្រូវ​ខ្ចីលុយ​​ពីសត្រូវ។

បើ​ការបកស្រាយខុសៗគ្នា និងសុទ្ធតែមានទឡ្ហីករណ៍រៀងៗខ្លួនបែបនេះ តើ​ធ្វើម៉េចទើបអាចយើងដឹងបាន​ថា ចម្លើយ​មួយណាសុក្រឹត និងត្រឹមត្រូវ? អញ្ចឹង​តោះ! មក​ស្រាយ​ចម្ងល់នេះទាំងអស់គ្នា៖

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បង្ហាញ​ថា សហរដ្ឋអាមេរិក ពិតជាជំពាក់បំណុលប្រទេសចិន ច្រើនពិតមែន។

*តើបំណុលអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ជំពាក់មហាយក្សចិន?

ចំនួន​បំណុលដែលសហរដ្ឋអាមេរិក ជំពាក់មហាយក្សចិន គឺ​សំដៅ​លើ​បំណុល​មូលបត្រ (Securities) ដូចជាវិក្កយបត្រ និងប័ណ្ណបំណុល (Bond) ជាដើម​ដែល​ចេញដោយក្រសួងរតនាគារសហរដ្ឋអាមេរិក តាងនាម​ឱ្យរដ្ឋា​ភិបាល​សហព័ន្ធ ដើម្បីប្រមូលលុយ​យកទៅដោះស្រាយឱនភាពថវិកា (Budget Deficit) ឬ​ចំណាយលើសចំណូលប្រចាំឆ្នាំ និងសង​បំណុលចាស់​។

*តើសហរដ្ឋអាមេរិក ជំពាក់មហាយក្សចិនចំនួនប៉ុន្មាន?

រដ្ឋាភិបាលចិន មិនបានទម្លាយឱ្យច្បាស់ទេថា តើសហរដ្ឋអាមេរិក ជំពាក់​ខ្លួន​ចំនួនប៉ុន្មាន។ ប៉ុន្តែក្រសួងរតនាគារសហរដ្ឋអាមេរិក ជា​អ្នក​ចេញ​ផ្សាយ​ទិន្នន័យ​ប្រចាំខែរបស់ខ្លួនស្ដីពី ម្ចាស់បំណុល​បរទេស​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក ហើយប្រទេសជប៉ុន និងមហាយក្សចិន ក៏ស្ថិត​ក្នុងចំណោម​ម្ចាស់​បំណុលធំៗ​របស់សហរដ្ឋអាមេរិក ដែរ។

ទិន្នន័យរបស់​ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញថា គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ២០២០ សហរដ្ឋអាមេរិក បានជំពាក់បំណុលរដ្ឋាភិបាលបរទេសនានា ចំនួន​៧.០៥៣ទ្រីលានដុល្លារ ដោយក្នុងនោះរួមមាន ទាំងបំណុល​ជំពាក់​មហាយក្ស​ចិន ចំនួន១,០៦៣ទ្រីលានដុល្លារ និងជំពាក់ប្រទេសជប៉ុន ចំនួន​១,២៦០​ទ្រីលានដុល្លារ ផងដែរ។

ទោះជាយ៉ាងណា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានព្រមានថា ទិន្នន័យ​នេះមិនអាចបញ្ជាក់ពីចំនួនមូលបត្រ​ជាក់លាក់​របស់​រតនាគារ​សហ​រដ្ឋអាមេរិក ​ដែល​ប្រទេស​នីមួយៗកាន់កាប់ឡើយ ព្រោះ​មូលបត្រ​របស់​សហ​រដ្ឋអាមេរិក ក៏អាចត្រូវបានរក្សាទុកក្នុងគណនេយ្យផ្សេងៗនៅក្រៅប្រទេស​ផង​ដែរ ដូចនេះមិនអាចបញ្ជាក់ពីចំនួនកាន់កាប់ពិតប្រាកដបានឡើយ។

បណ្ដា​អ្នកវិភាគទីផ្សារបានដាក់មន្ទិលសង្ស័យជាច្រើនឆ្នាំមកហើយថា ប្រទេស​ចិន ប្រើប្រាស់ក្រុមហ៊ុនមូលបត្រនានានៅប្រទេសផ្សេងទៀត ដើម្បី​ទិញ​បំណុល​អាមេរិក បន្ថែមទៀត។

*ហេតុអ្វីបានជាមហាយក្សចិន ទិញបំណុលអាមេរិក?

ប្រទេសចិនបាន និងកំពុងដំណើរការអតិរេកពាណិជ្ជកម្ម (Trade Surplus) ដ៏​ធំមួយផ្នែ​កទំនិញ និងសេវាកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បើ​និយាយ​ឱ្យងាយស្ដាប់នោះមានន័យថា ប្រទេសចិន ធ្វើការ​នាំចេញ​ច្រើន​ជាង​នាំ​ចូល។ ដូចនេះប្រាក់ចំណូលអន្ដរជាតិរបស់​មហាយក្សចិន ក៏បាន​កើន​ឡើង​ដោយ​សារ​តែអតិរេកពាណិជ្ជកម្ម ដែលកំពុងកើនឡើងរបស់ខ្លួន ដោយ​ប្រតិបត្តិការពាណិជ្ជកម្មជាច្រើន ជាមួយក្រុម​ហ៊ុនសហ​គ្រាស​នានា​នៅ​សហ​រដ្ឋ​អាមេរិក និងបណ្តាប្រទេសផ្សេងទៀត សុទ្ធតែ​ទូទាត់ជា​ប្រាក់​ដុល្លារអាមេរិក។

ហេតុ​ដូចនេះ ប្រទេសចិន ទទួលបានប្រាក់ដុល្លារអាមេរិក កាន់​តែច្រើន​ឡើងៗ​ដែលខ្លួនយកទៅទិញទ្រព្យសកម្ម ដែលគេនិយមប្រើលុយដុល្លារអាមេរិក ដូច​ជាមូលបត្រជាដើម ព្រមទាំងទ្រព្យសកម្ម ក្នុង​រូបិយ​ប័ណ្ណ​ផ្សេងៗ​ទៀត​ផង​ដែរ។ ទ្រព្យសកម្មទាំងនេះត្រូវបានរួមបញ្ចូលទៅ​​ក្នុងទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់ខ្លួនចំនួន​៣,២២​ទ្រីលាន​ដុល្លារ​អាមេរិក ដែល​ពេល​នេះ​​ជាទុនបម្រុង​អន្តរជាតិ​ធំបំផុតក្នុងពិភពលោក។

មហា​យក្សចិន គ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ខ្លួន តាម​រយៈ​ការ​បោះ​ទុន​វិនិយោគលើទ្រព្យសកម្មផ្សេងៗគ្នាដែលផ្តល់សុវត្ថិភាព និងស្ថិរភាព ដូច្នេះ​ខ្លួន​អាច​ប្រើប្រាស់ទុនបម្រុងអន្តរជាតិទាំងនោះ ដើម្បីទប់ទល់​ស្ថានភាព​ឆាប់ប្រែប្រួលក្នុងរំហូរមូលនិធិ និងដើម្បីធ្វើឱ្យសេដ្ឋកិច្ច​របស់ខ្លួន​មាន​លំនឹង​អំឡុង​វិបត្តិហិរញ្ញវត្ថុ។

ប្រទេសចិន ក៏រឹតបន្តឹងយ៉ាងណែនផង​ដែរលើអត្រាប្តូរប្រាក់យ័ន ជា​មួយ​ប្រាក់​ដុល្លារអាមេរិក ដើម្បី​រក្សាការនាំចេញឱ្យមានការប្រកួតប្រជែង ឬថោកជាង ​ធម្មតាដូចជា តាមរយៈការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើរំហូរសាច់ប្រាក់ចូល និង​ចេញ​ពី​ប្រទេសចិន ជាដើម។

ប្រទេស​ចិន បន្តដំណើរការអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែល​ជួយ​ប្រទេសចិន ខ្លួនឯងរក្សាកម្រិត​មានការងារធ្វើខ្ពស់ និង​រក្សា​សេដ្ឋ​កិច្ច​របស់​ខ្លួនឱ្យរីកចម្រើនខ្លាំង។

ខណៈប្រទេសចិន មិនបង្ហាញជាសាធារណៈនូវ​ទ្រព្យ​សកម្មទុន​បម្រុង​អន្តរជាតិ​ដែល​ខ្លួនបានវិនិយោគ មហាយក្សនៅអាស៊ី មួយនេះ​​បាន​​កាន់​កាប់​មួយ​ចំនួនធំដែលស្មើ​ប្រហែល១ភាគ៣ នៃទុនបម្រុង​អន្តរជាតិ​របស់ខ្លួននៅ​ក្នុង​បំណុល​​របស់​រដ្ឋាភិបាលសហរដ្ឋអាមេរិក។ មួយភាគធំ​គឺដោយ​សារ​តែ​សហរដ្ឋអាមេរិក ជា “កន្លែង​ដ៏មានសុវត្ថិភាព” សម្រាប់ការវិនិយោគ​អំឡុង​ពេល​ទីផ្សារ​ស្ថិត​ក្នុង​​ស្ថានភាព​​ច្របូក​ច្របល់ ព្រោះរដ្ឋាភិបាលសហរដ្ឋអាមេរិក មិន​ដែល​សងបំណុលយឺតពេលឡើយ។

ទីភ្នាក់ងារដាក់​កម្រិតគុណភាពឥណទានអន្តរជាតិ Fitch Ratings និង Moody’s Investors Services សុទ្ធតែបានដាក់ពិន្ទុ AAA ឱ្យសហរដ្ឋអាមេរិក ជា​ពិន្ទុ​កំពូលផុតលេខសម្រាប់ការសងបំណុលត្រឹមត្រូវ និងទៀង​ទាត់។ ចំណែក​ឯ​ទីភ្នាក់​ងារដាក់កម្រិតគុណភាពឥណទានអន្តរជាតិ Standard & Poor’s បាន​ដាក់​ពិន្ទុ AA+ សម្រាប់បំណុលរយៈពេលវែងរបស់​សហ​រដ្ឋអាមេរិក ដែល​ក្រោមកម្រិត AAA តែ​បន្តិចប៉ុណ្ណោះ។

ប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានគេទទួលយក និង​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​ផងដែរនៅក្នុងប្រតិបត្តិការនានាជាអន្តរជាតិ។ ទំនិញដូចជាប្រេង និង​ឧស្ម័ន​ជាដើមសុទ្ធតែតែគិត និងទូទាត់ជាប្រាក់ដុល្លារអាមេរិក។ បើ​និយាយ​ឱ្យងាយ​ស្ដាប់បាន វាគឺជារូបិយប័ណ្ណដែលអាចប្តូរយករូបបិយប័ណ្ណផ្សេងៗ​បាន​​ច្រើន​​បំផុត និង​​ដែល​គេជួញដូរច្រើនបំផុតក្នុងពិភពលោក។

*តើនឹង​មានអ្វីកើតឡើង ប្រសិនបើមហាយក្សចិន លក់ចេញ​ទាំងអស់​នូវ​បំណុល​ដែល​​សហរដ្ឋអាមេរិក ជំពាក់ខ្លួន?

ចា​ប់​តាំងពី​​ផ្ទុះ​សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ក្នុង​ឆ្នាំ២០១៨ មក មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសចិន អាច​នឹង​យក​​​បំណុល​ដែល​សហ​រដ្ឋអាមេរិក ជំពាក់​ខ្លួន​មក​​ធ្វើជាអាវុធ​ដើម្បីសងសឹក ចំពោះ​ពន្ធពាណិជ្ជកម្មខ្ពស់​កប់ពពកដែលសហរដ្ឋអាមេរិក ដាក់មកលើខ្លួន។

ប្រសិនបើប្រទេស​ចិន លក់បំណុលរបស់ខ្លួន​ដែល​​សហរដ្ឋអាមេរិក ជំពាក់ កត្តា​​នេះអាចបង្កឱ្យមានការលក់ចេញយ៉ាងគំហុក នៅក្នុងទីផ្សារប័ណ្ណបំណុល ដោយ​ធ្វើឱ្យអត្រាការប្រាក់របស់អាមេរិក កើនឡើងខ្ពស់ ហើយ​ប្រហែល​ជា​ជះ​ផល​ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទៀត​ផង។

ប៉ុន្តែការលក់ចេញភ្លាមៗយ៉ាងគំហុក ក៏អាចបណ្តាល​ឱ្យអត្រាប្តូរ​ប្រាក់​ដុល្លារអាមេរិក ធ្លាក់ចុះផងដែរធៀបនឹងប្រាក់យ័ន ដោយ​ធ្វើឱ្យការ​នាំចេញ​របស់​ចិន មានតម្លៃថ្លៃជាងធម្មតា ហើយប្រាក់ដុល្លារដែល​ធ្លាក់ថ្លៃនឹងធ្វើឱ្យប្រទេសចិន ទទួលបានប្រាក់ចំណូលតិចជាងមុនពីការលក់ប័ណ្ណបំណុលរបស់ខ្លួន។

នៅខែសីហា ឆ្នាំ២០១៥ ប្រទេសចិន បានកាត់បន្ថយការកាន់កាប់របស់ខ្លួន លើ​មូលបត្រសហរដ្ឋអាមេរិក ប្រមាណ​១៨០ពាន់លានដុល្លារ ប៉ុន្តែ​ចំណាត់​ការនេះ​មិន​បានបង្កឱ្យមានប្រតិកម្មជាដុំកំភួននៅក្នុងទីផ្សារប័ណ្ណបំណុលឡើយ ហើយ​នៅ​ក្នុងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ក៏ដូចគ្នា។

ទោះជាយ៉ាងណា ការលក់ចេញទ្រង់ទ្រាយធំ ដោយរដ្ឋាភិបាលក្រុងប៉េកាំង នៅតែអាចបង្កការរាំងស្ទះ ដល់ទីផ្សាររតនាគារសហរដ្ឋអាមេរិក និង​ទីផ្សារ​ហិរញ្ញ​វត្ថុ​ធំៗជាងនេះ ជាពិសេសប្រសិនបើវាជាចំណាត់ការ នយោបាយរបស់រដ្ឋា​ភិបាល​​ចិន ដែលមានចេតនាធ្វើឱ្យទីផ្សាររាំងស្ទះ។

លោក Xi Junyang សាស្រ្តាចារ្យនៅ “សកលវិទ្យាល័យហិរញ្ញវត្ថុ និង​សេដ្ឋ​កិច្ច​ក្រុងសៀងហៃ” (Shanghai University of Finance and Economics) ត្រូវបាន​សារ​ព័ត៌មាន Global Times ដកស្រង់សម្តីកាលពីខែកញ្ញាថា ប្រទេសចិន នឹង​កាត់​បន្ថយ​ការកាន់កាប់បំណុលអាមេរិក របស់ខ្លួនបន្តិចម្តងៗឱ្យ​មក​នៅត្រឹម​ប្រមាណ​៨០០ពាន់លានដុល្លារ។

លោកបានបន្ថែមថា “ប៉ុន្តែជាការពិតណាស់ថា ប្រទេសចិន អាច​នឹង​លក់​ចេញ​នូវប័ណ្ណបំណុលអាមេរិក ទាំងអស់របស់ខ្លួន ក្នុង​ករណី​ធ្ងន់ធ្ងរ​ដូចជា​ជម្លោះ​យោធា​ជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here