ដោយៈលក្ខិណា
ភ្នំពេញៈ ដើម្បីគ្រប់គ្រងច្បាប់ចរាចរណ៍ និងជំរុញឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែខ្លាំង និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កម្ពុជាបាននិងកំពុងរៀបចំប្រព័ន្ធមួយ ដើម្បីដកពិន្ទុពីអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ដែលច្បាប់នេះនឹងចាប់ផ្ដើមពីថ្ងៃទី១ខែមករា ឆ្នាំ២០២២ខាងមុខនេះ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ នៅក្នុងសន្និសីទមួយនៅថ្ងៃទី២១ កក្កដា២០២១នេះថា ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំប្រព័ន្ធApp មួយបានយ៉ាងល្អឥតខ្ចោះ ហើយនឹងរាយការណ៍ជូន ទៅសម្ដេចក្រហាហោមស ខេង ដើម្បីពិនិត្យរួចហើយនឹងបង្រៀនទៅមន្ត្រី សមត្ថកិច្ចចរាចរណ៍ដើម្បីស្វែងយល់ និងចាប់ផ្ដើមអនុវត្តន៍ការដកពិន្ទុនៅថ្ងៃទី១ ខែមករា ២០២២។
លោកបន្តទៀថា “នៅពេលពលរដ្ឋម្នាក់ៗប្រឡងយកប័ណ្ណបើកបរ ហើយទទួលបានប័ណ្ណបើកបរពេលនោះ ក្រសួងនឹងផ្ដល់ពិន្ទុចំនួន១២ ទៅលើប័ណ្ណបើកបរនីមួយៗ ហើយនៅពេលធ្វើខុសអ្វីមួយ នឹងត្រូវផាកពិន័យផង និងដកពិន្ទុផង”។ លោកថា “ស្រុកណាក៏មានដកពិន្ទុដែរ ដើម្បីឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះថាក្នុងមួយឆ្នាំៗកម្ពុជា ខាតបង់ថវិកា៣៥០លានដុល្លារអាមេរិក ដោយសារតែគ្រោះថ្នាក់ចរាចរណ៍” ។
លោកបន្ថែមថាគ្រោះថ្នាក់ ចរាចរណ៍បានធ្វើឱ្យប៉ះពាលសេដ្ឋកិច្ចធំណាស់ ដូចជាបាត់អាយុជីវិត ធ្វើឱ្យគ្រួសារជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ បាត់បង់អ្នកផ្គត់ផ្គង់ជីវភាពគ្រួសារជាបង្អែក ពិការភាព និងខាតបង់ថវិកាសម្រាប់ការព្យាបាលអ្នករងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បាត់បង់កំលាំងពលកម្មទាំងអ្នកគ្រោះថ្នាក់ចរាចរណ៍ និងអ្នកមើលថែ ខាតបង់សម្បត្តិរដ្ឋ ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ បើកបុកបំផ្លាញជាដើម ដូច្នេះការរឹតបន្តឹងគ្រោះថ្នាក់ចរាចរណ៍ គឺជារឿងដែលសំខាន់ណាស់ ដែលត្រូវគិតគូ និងអនុវត្តន៍៕