ដោយៈតារា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃនឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គា លើកទី១១ (11th MGC FMM) នាល្ងាចថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១។
កិច្ចប្រជុំនេះ នឹងធ្វើឡើងតាមរយៈវិដេអូពីចម្ងាយ ហើយកិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្រ្តីការបរទេសមេគង្គ ដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញកាលពីថ្ងៃ១៩ កក្កដាកន្លងទៅនេះបានឲ្យដឹងថា រដ្ឋមន្រ្តីទាំងអស់រំពឹងថា នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម។
ប្រភពបានបន្តទៀតថា កិច្ចប្រជុំ11th MGC FMM តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់ពីសមិទ្ធផលថ្មីបន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល២១ឆ្នាំកន្លងមក សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់មេគង្គ និងប្រទេសឥណ្ឌា ស្របពេលជាមួយការពង្រឹងកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និង ប្រជាជន។
ជាមួយគ្នានោះដែរ ដើម្បីអបអរខួបទី២០ នៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំនឹងមានការបើកសម្ពោធឲ្យដំណើរការនូវគេហទំព័រMGC ថ្មីស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក៕