រដ្ឋាភិបាលប្រមូលចំណូលពីពន្ធដារបានជាង១៥៩០លានដុល្លារគិតត្រឹម

ដោយៈ សាវុធ

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ សរុបជាទឹកប្រាក់មានចំនួនជាង៦ ៤៤១ប៊ីលានរៀល ស្មើនឹងប្រមាណ១ ៥៩០,២៩លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ មិថុនា និងប្រចាំឆមាសទី១ ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ ២០២១នេះ។

ការប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានមានចំនួនជាង ៦៧៨ ប៊ីលានរៀល ត្រូវប្រមាណជិត១៦៨លានដុល្លារអាមេរិក ស្មើជាង៧% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែមិថុនា ឆ្នាំ២០២០ ឃើញថា ចំណូលនេះបានថមថយចុះជាង១៣០ប៊ីលានរៀល ត្រូវប្រមាណជា៣២លានដុល្លារអាមេរិក ស្មើ-១៦,១១%។

ដោយឡែកការប្រមូលចំណូលនៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះវិញ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ សរុបមានចំនួនជាង៦ ១៣៩ពាន់លានរៀល ត្រូវជិត១ ៥១៦លានដុល្លារអាមេរិក ស្មើជាង៦៧% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ក្នុងនោះបើធៀបចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ឃើញថា ថយចុះជិត ៧២៨ ប៊ីលានរៀល ត្រូវប្រមាណជាង១៧៩លានដុល្លារអាមេរិក ស្មើ-១០,៦០%។

បើគិតមកដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ នេះវិញ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៦ ៤៤១ ប៊ីលានរៀល ត្រូវជាង ១ ៥៩០ លានដុល្លារអាមេរិក ខណៈដែលក្នុងរយៈពេល ២០ ថ្ងៃ នៃខែកក្កដា ឆ្នាំ ២០២១ នេះ បានប្រមូលចំណូលសរុបចំនួនជាង ៣០១ ប៊ីលានរៀល ត្រូវជាង ៧៤ លានដុល្លារអាមេរិក។

លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការអូសបន្លាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ “២០កុម្ភៈ” បានជះឥទ្ធិពលជាអវិជ្ជមាន មកលើការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករយ៉ាងខ្លាំង។

លោកបានថ្លែងបន្តថា ក៏ប៉ុន្តែការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារបានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងបញ្ហាប្រឈមព្រមទាំងការលំបាកនានាក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ២០២១ សម្រេចបានរហូតដល់ ៦៧,៥៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here