ដោយៈ សាវុធ
ភ្នំពេញៈ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក. (DBD Engineering Plc.) នឹងបោះផ្សាយមូលបត្រកម្មសិទ្ធិរបស់ខ្លួនលើទីផ្សារកំណើន នៃផ្សារមូលបត្រកម្ពុជា (CSX) ចំនួនជាង៦,៤លានភាគហ៊ុន ដើម្បីកៀរគរទុនពីសាធារណជនប្រមាណ៣លានដុល្លារ ក្នុងការពង្រីកអាជីវកម្ម។
ក្រុមហ៊ុន DBD បានឱ្យដឹងនៅកម្មវិធី Roadshow កាលពីម្សិលមិញថា ក្រុមហ៊ុនបានទទួលការអនុញ្ញាតពីនិយតករមូលបត្រកម្ពុជាក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១។ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនទី១ ដែលចុះបញ្ជីលក់ មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា។
លោកស៊ូ សុជាតិអគ្គនាយក SERC (និយតករមូលបត្រកម្ពុជា) ធ្លាប់មានប្រសាសន៍ថា ការអនុម័តនេះនឹងបើកផ្លូវសម្រាប់ក្រុមហ៊ុនក្នុងការបន្តការបរិវិសកម្ម និងនីតិវិធីចុះបញ្ជីនៅទីផ្សារកំណើនរបស់ CSX។ លោកថ្លែងថា “យើងស្វាគមន៍ការចូលរួមរបស់ក្រុមហ៊ុនក្នុងការចុះបញ្ជីលើទីផ្សារកំណើននៃក្រុមហ៊ុនមូលបត្រកម្ពុជា។ ក្រុមហ៊ុនមួយនេះបានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើទីផ្សារកំណើន។
លោកបន្ថែមថា “ការអនុម័តនេះដើម្បីបង្ហាញដល់សហគ្រាសធុនតូច និងមធ្យមថា ក្រុមហ៊ុនអាចមានលទ្ធភាពក្នុងការប្រមូលមូលនិធិបានកាន់តែច្រើនពីផ្សារមូលបត្រកម្ពុជា។ នេះមានន័យថា យើងមិនមានតែក្រុមហ៊ុនធំទើបអាចមានលទ្ធភាពក្នុងការប្រមូលមូលនិធិពីទីផ្សារមូលធននោះទេ”។
លោកពន្យល់ថា វានឹងមិនចំណាយពេលច្រើនលើការធ្វើបរិវិសកម្ម និងនីតិវិធីចុះបញ្ជីផ្សេងទៀតសម្រាប់ក្រុមហ៊ុននោះទេ។
DBD Engineering Plc. ជាក្រុមហ៊ុន ពហុមុខងារ ផ្នែកវិស្វកម្ម និងសំណង់ ដែលផ្តល់សេវាកម្ម ប្រព័ន្ធទឹកភ្លើងទ្រង់ទ្រាយធំ (Mechanical, Electrical, Plumbing – MEP) ប្រព័ន្ធកំដៅ ម៉ាសុីត្រជាក់ (Heating, Ventilating, Air-conditioning – HVAC) រួមបញ្ចូលទាំង សេវា គូសប្លង់ សាងសង់ ដំឡើង និងថែទាំ ព្រមទាំងមានផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗ ដូចជា Schneider, Franklin France, Daikin, Ginde, LG, Mitsubishi, Kumwell, EVT, Tsurumi Pump, និងខ្សែកាបម៉ាក YAZAKI៕