ចិនក្លាយជាប្រទេសដែលមានការវិនិយោគផ្ទាល់និងផ្ដល់ជំនួយអភិវឌ្ឍន៍ ធំជាងគេនៅកម្ពុជា

ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាប្រទេស ដែលមានអ្នកវិនិយោគមកកម្ពុជាច្រើនជាងគេ និងបានអភិវឌ្ឍន៍កម្ពុជាជាបន្តបន្ទាប់ជាពិសេសទៅលើវិស័យអចលនទ្រព្យនិងវិស័យផ្សេង។

ក្រៅពីនេះ ចិនក៏បានក្លាយជាប្រទេសធំជាងគេមួយ ក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាក្នុងរយៈពេលចុងក្រោយនេះដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលោកអ៊ុ សារឹទ្ធអគ្គលេខាធិការព្រឹទ្ធសភាជាតិកម្ពុជានៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយភាគីចិន កាលពីព្រឹកថ្ងៃទី១៩ កក្កដា ២០២១ឱ្យដឹងថា ការវិនិយោគរបស់ចិនដោយផ្ទាល់នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា មិនតែប៉ុណ្ណោះ ចិនក៏បានក្លាយជាប្រទេសធំជាងគេ ដែលបានផ្តល់់ជំនួយអភិវឌ្ឍ ប្រាក់កម្ចីនិងហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាផងដែរ ។

លោកបន្តថា “ជំនួយនិងការគាំទ្ររបស់ចិន បានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយឱ្យកម្ពុជា ក្នុងការថែរក្សាបាននូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស”។

លោកអ៊ុ សារឹទ្ឋបានបន្តថា ថ្មីៗនេះផងដែរ ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានបន្តជួយដល់កម្ពុជា តាមរយៈការផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខារពេទ្យយ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

លោកបន្ថែមថា “ប្រទេសកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយផ្លូវមួយ” “មូលនិធិផ្លូវសូត្រ”និង”ធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី” បង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដែលជាយុទ្ធសាស្ត្រនយោបាយការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេសក្នុងតំបន់ខែ្ស ក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះក៏បានមានប្រសាសន៍ផងដែរថា ប្រទេសចិនបានក្លាយជាខ្នងបង្អែកដ៏សំខាន់ នៃការគាំទ្រវ៉ាក់សាំងដល់កម្ពុជា ហើយការជ្រើសរើសយកចិនធ្វើជាខ្នងបង្អែកនៃវ៉ាក់សាំងនេះ ក៏មិនខុសដែរ ដោយចិនបានផ្ដល់វ៉ាក់សាំង ជាបន្តបន្ទាប់មកកម្ពុជា ដែលធ្វើឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ បានរាប់លាននាក់គិតមកដល់ពេលនេះ ។

សម្ដេចតេជោមានប្រសាសន៍ថា “បើគ្មានចិនទេ រហូតមកដល់នេះកម្ពុជាប្រហែលជាចាក់វ៉ាក់សាំង ជូនពលរដ្ឋបានតែប៉ុន្មាននាក់ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះតាមរយៈវ៉ាក់សាំងរបស់ចិននេះ

កម្ពុជានឹងចាក់វ៉ាក់សាំងបានគ្រប់តាមផែនការនៅពេលឆាប់ៗនេះ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here