ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណបានមានប្រសាសន៍ថា ក្នុងបរិបទកូវីដ១៩ រដ្ឋាភិបាលបានធ្វើការគ្រប់គ្រង លើគោលនយោបាយហិរញ្ញវត្ថុបានត្រឹមត្រូវ និងល្អប្រសើរ។
លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ កក្កដានេះថា ធនាគារជាតិនៃកម្ពុជា (NBC)បានធ្វើការគ្រប់គ្រងប្រព័ន្ឋហិរញ្ញវត្ថុ បានត្រឹមត្រូវអំឡុងវិបត្តិកូវីដដ១៩ ស្របពេលដែលវិស័យនេះ នៅតែមានសុខភាពល្អ។លោកបន្តថា នៅពេលនិយាយពីអត្រាការប្រាក់ “វាជាបញ្ហាមួយ”ដោយសារប្រទេសយើង ប្រើប្រាស់ប្រាក់ដុល្លារ ហេតុនេះទើបយើងកំពុងជម្រុញការធ្វើបដិដុល្លារនីយកម្ម ប៉ុន្តែវាត្រូវការពេលវេលាសមស្របមួយ។
លោកបណ្ឌិតបន្តថា “ដោយសារប្រទេសយើងប្រើប្រាស់ប្រាក់ដុល្លារ ទើបយើងពិបាកកាត់បន្ថយអត្រាការប្រាក់ ព្រោះវាមិនមែនជាលុយរបស់យើង ហើយវាផុតពីការគ្រប់គ្រងរបស់ធនាគារជាតិ”។ លោកបន្តថា “ស្ថាប័នហិរញ្ញវត្ថុកម្ពុជាបានខ្ចីប្រាក់នៅបរទេស ឧទាហរណ៍៨ភាគរយក្នុងមួយឆ្នាំ និងផ្តល់ដល់អ្នកខ្ចី១៣ទៅ១៥ភាគរយសំរាប់ប្រជាជនកម្ពុជា ការប្រាក់លើសនេះ គឺសំរាប់សេវាកម្មផ្សេងៗរបស់ស្ថាប័ននិមួយៗ”។
លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា មិនអាចទទួលបានការបន្ឋូរបន្ថយទេ ហេតុនេះពួកគេមិនអាចទម្លាក់អត្រាការប្រាក់បានឡើយ មានតែជួយធ្វើយ៉ាងណាឲ្យការសងត្រលប់មានរយៈពេលវែង។
សមាគមធនាជាតិកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានរៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់អ្នកខ្ចីឥណទានយកទៅប្រើ់ប្រាស់ផងដែរ។ ជាមួយគ្នានេះសមាគមទាំងពីរ ក៏បានអនុញ្ញាត្តឲ្យអ្នកទទួលបានឥណទាន ពន្យាពេលសងប្រាក់រយៈពេលបីខែ សំរាប់ក្រុមគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ផងដែរ៕