ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋបាលខេត្តកំពង់ចាមចាប់ផ្តើមស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ប្រភេទDBST និងផ្លូវបេតុង១ខ្សែ មានប្រវែងជិត៣០គីឡូម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ-អន្លង់គគីរ ខេត្តកំពង់ចាម ដែលត្រូវបានចំណាយថវិកាជាង៣លានដុល្លារ ជាគម្រោងហិរញ្ញប្បទានធនាគារពិភពលោក និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្មីមួយខ្សែនេះ ពីភូមិបឹងត្រាវ-អន្លង់គគីរ ត្រូវបានធ្វើឡើងកាលចុងសប្តាហ៍កន្លងទៅនេះ ក្រោម អធិបតីភាពរបស់លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស ។
លោកអភិបាលខេត្ត មានប្រសាសន៍ថា គម្រោងនេះស្ថិតនៅក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដែលបានទន្ទឹងជាយូរឆ្នាំ មកហើយ។
លោកបានថ្លែងបន្តថា តាមការប៉ាន់ប្រមាណ គម្រោងផ្លូវ ១ខ្សែនេះ គ្រោងចំណាយថវិកាស្ថាបនាក្នុងរង្វង់ប្រមាណជាង៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជាពិសេស បងប្អូនប្រជាពលរដ្ឋទាំង ៣ឃុំ ទាំងការចំណេញពេលវេលាធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការផ្សាភ្ជាប់ពីទីប្រជុំជនមួយ ទៅទីប្រជុំមួយទៀត ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស។
លោកបានឱ្យដឹងទៀតថា ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដោយបានប្រែក្លាយស្រុកទេស ក៏ដូចជា មូលដ្ឋានសហគមន៍ ឲ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ បានរស់នៅប្រកបដោយផាសុខភាព និងធ្វើឲ្យកម្រិតជីវភាពគ្រួសារ កាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។
ដោយឡែក ទន្ទឹមនឹងគម្រោង បានចាប់ផ្ដើមដំណើរការស្ថាបនា នាពេលនេះដែរ លោកមអភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមមេត្តាយោគយល់ និងអត់ធ្មត់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឲ្យដំណើរការស្ថាបនាផ្លូវនេះ បានចប់សព្វគ្រប់ទៅតាមផែនការ ហើយយើងទាំងអស់គ្នា នឹងទទួលបានសមិទ្ធផលដ៏ស្រស់ស្អាត ប្រកបដោយគុណភាព ទុកសម្រាប់ប្រើប្រាស់បានយូរអង្វែង តទៅអនាគត៕