ក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការផ្សារអេឡិចត្រូនិកជាផ្លូវការនៅដើមខែក្រោយនេះ

ដោយ: សាវុធ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ (Cambodia Trade) ជាផ្លូវការនៅចុងខែកក្កដាឬដើមខែសីហាខាងមុខនេះ ដើម្បីជួយសម្រួលដល់ការលក់ទំនិញ និងផលិតផលក្នុងស្រុកទៅកាន់អ្នកទិញទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាជាសាធារណៈ ស្តីពីនីតិវិធីនៃការចុះឈ្មោះលើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ លោកសំហេង បូរ៉ាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ផ្សារពាណិជ្ជកម្មនេះ បង្កើតឡើងដោយក្រសួងពាណិជ្ជកម្មដើម្បីជំរុញការលក់ផលិតផលក្នុងស្រុករបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសង្ឃឹមថា សហគ្រាសទំាងអស់នឹងចូលរួមជាមួយក្រសួង ក្នុងការពង្រីកសកម្មភាពធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងគោលបំណងឲ្យមានកំណើនប្រាក់ចំណូលដល់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ។

អ្នកស្រីយូ ប៉ោនីម្ចាស់ក្រុមហ៊ុន ហ្វរខេ អាហ្រ្គីត្រេដ អេនសឺវីស ខូអិលធីឌី (ផ្គត់ផ្គង់ម្រេចកំពតសិរីរាង្គ) បានលើកឡើងថា អ្នកស្រីសប្បាយចិត្តរីករាយនឹងចូលរួមលក់ផលិតផលតាមរយៈផ្សារអេឡិចត្រូនិកនេះ ព្រោះថាវាមានសារៈប្រយោជន៍ណាស់ ក្នុងការពង្រីកទីផ្សារកាន់តែច្រើនថែមទៀត ជាពិសេសទៅកាន់ទីផ្សារក្រៅប្រទេស ដែលទទួលស្គាល់ដោយពិភពលោក ជាពិសេសខាងប៉ែកអឺរ៉ុប។

អ្នកស្រីបានបន្តថា គេ (អឺរ៉ុប) ឲ្យតម្លៃរសជាតិម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្រ្ត រសជាតិប្លែកខុសគេ ហើយអ្នកស្រីក៏ត្រៀមនឹងដាក់លក់ក្នុងតម្លៃប្រកួតប្រជែងមួយដែរ ពីព្រោះនៅលើផ្សារអេឡិចត្រូនិក គឺយើងត្រូវបង្ហាញពីតម្លៃ រួមទាំងការពណ៌នាគុណភាពផលិតផល ដើម្បីទាក់ទាញអតិថិជន។

កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាជាសាធារណៈស្តីអំពីការចុះឈ្មោះរបស់សហគ្រាសធុនតូចនិងមធ្យម នៅលើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានឈ្មោះថា ខេមបូឌាត្រេដ (CambodiaTrade) ដោយមានអ្នកចូលរួមសរុបចំនួន ៨៥នាក់ ដែលជាតំណាងសហគ្រាសធុនតូច និងមធ្យម និងភាគីពាក់ព័ន្ធ។

គោលបំណងសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការប្រើប្រាស់ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ (Cambodiatrade.com) ក្រោមគម្រោង Go4eCAM។ សិក្ខាសាលានេះដែរ ក៏បានបង្ហាញពីនីតិវិធីនៃការចុះឈ្មោះជាមុនជូនទៅកាន់សហគ្រាសធុនតូចនិងមធ្យម មុននឹងការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here