មេគយកម្ពុជាជំរុញឱ្យមន្ត្រីក្រោមឱវាទពង្រឹងការប្រមូលពន្ធគយឱ្យបានគ្រប់ ឬលើសផែនការ

ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាលោកគុណ ញឹម បានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់យកចិត្តទុកកដាក់ខ្ពស់​ ក្នុងការពង្រឹងការកៀរគរចំណូល ប្រកបដោយភាពសកម្ម បុរេសកម្ម និងវៃឆ្លាតព្រមទាំងប្រើប្រាស់ឱ្យអស់សក្ដានុពល បញ្ញាស្មារតីដើម្បប្រមូលចំណូលឱ្យបានគ្រប់និងលើសផែនការ។

លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីពេលថ្មីៗនេះ ខណៈចំណូលពន្ធគយនៅក្នុងរយៈពេល៦ខែដំបូងមានការធ្លាក់ចុះប្រមាណ៨,៩ភាគរយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានប្រសាសន៍បន្តថា ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងបរិបទ ដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល កំពុងជួបប្រទះនឹងរោគរាតត្បាតកូវីដ១៩  អគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវអនុវត្តន៍ការងារ ដែលបានចេញកន្លងមកបន្តរួមមាន ទី១ ការពង្រឹងអភិបាលកិច្ចល្អ ក្នុងស្ថាប័ន ដោយត្រូវបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ ជាពិសេសការអនុវត្តស្របតាមអភិក្រម៥ របស់សម្ដេចតេជោហ៊ុនសែន គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់។

ទី២ ការលើកកម្ពស់អនុលោមភាពវិស័យឯកជន ទី៣ ការពង្រឹងយន្តការភារកិច្ចសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ និងបន្តពង្រឹងកិច្ចការងារចរន្តដែលត្រូវអនុវត្តប្រចាំថ្ងៃ ទី៤ការពង្រឹងអនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌​មាន និងទី៥៧ ការបន្តចូលរួមអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រដ្ឋាភិបាលកម្ពុជា ។

នៅក្នុងរយៈពេល១ឆមាសនៃឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលពន្ធគយ បានប្រមាណជាង១ពាន់លានដុល្លារអាមេរិក ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការថយចុះប្រមាណ៨,៩ភាគរយ។

ទោះបីជាការប្រមូលពន្ធគយនេះ មានការថមថយបន្តិចមែនក្ដី តែក៏បានបញ្ជាក់ពីការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ នៅតែមានសកម្មភាព ដោយមិនធ្លាក់ចុះខ្លាំងនោះឡើយ ដែលបញ្ជាក់ថាការនាំចេញនិងនាំចូលនៅតែបន្ត ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃការរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ ២០ កុម្ភៈ ២០២១នេះក្ដី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here