អគ្គនាយកដ្ឋានគយប្រមូលចំណូលបានជាង១,១៥ពាន់លានដុល្លារជូនរដ្ឋក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ ស្ថិតនៅក្នុងវិបត្តិសកលយ៉ាងណាក្ដី តែស្ថាប័នរកចំណូលសំខាន់ៗរបស់កម្ពុជានៅតែទទួលបានលទ្ធផលល្អប្រសើរ ជាក់ស្ដែងក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារកចំណូលបានជាង១.១៥៩លានដុល្លារអាមេរិកតែបើធៀបនឹងឆមាសទី១ឆ្នាំមុនមានការថយចុះប្រមាណជិត៩ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី១៥ កក្កដា ២០២១នេះ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលប្រមូលបានដោយ អគរ មានចំនួន៤.៦៩៥ពាន់លានរៀល ស្មើនឹង១.១៥៩លានដុល្លារ ថយចុះប្រមាណ ៨,៩ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ២០២១ នេះគឺសម្រេចបាន៤៩ភាគរយ នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ១.៧៧៥ពាន់លានរៀល (ត្រូវជាប្រមាណ ៣៧,៨ភាគរយ នៃចំណូលសរុប) អាករពិសេសមាន ១.៧៦៥ ពាន់រៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧.៦៣ ប៊ីលានរៀល (ត្រូវជា ១៨,១ភាគរយនៃចំណូលសរុប) អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ ពាន់លានរៀល (ត្រូវជា ៤,៥ភាគរយនៃចំណូលសរុប) និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៩៤,១៣ ពាន់លានរៀល (ត្រូវជា ២ភាគរយនៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១.៩៨៥ពាន់លានរៀល គ្របដណ្តប់ ៤២,៣ភាគរយ នៃចំណូលសរុប ទំនិញចម្រុះមានចំនួន ១.៣១៦ពាន់លានរៀល ត្រូវជា ២៨ភាគរយនៃចំណូលសរុប ផលិតផលតេលសិលាមានចំនួន ១.១០២ ពាន់លានរៀល ស្មើនឹង ២៣,៥ភាគរយ នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២ពាន់លានរៀល ស្មើនឹង ៦,២ភាគរយនៃចំណូលសរុប។

មន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបបានបង្ហាញថានៅក្នុងវិបត្តិកូវីដ១៩នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងអន្តរជាតិនៅតែមានសកម្មភាពដដែល ដែលអាចជួយរក្សាសេដ្ឋកិច្ចកម្ពុជាមិនឱ្យដួរលរលំ ឬប៉ះពាល់កាន់តែខ្លាំងពីវិបត្តិធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here