ដោយៈ សាវុធ
ភ្នំពេញៈ ក្រុមហ៊ុន Facebook បានប្រកាសថានឹងបោះទុនវិនិយោគ១ពាន់លានដុល្លារ ដើម្បីផ្ដល់ឱ្យអ្នកបង្កើតមាតិកាវីដេអូផ្សេងៗនៅជុំវិញពិភពលោកក្នុងការប្រកួតប្រជែងបង្កើតមាតិកាដែលការទាក់ទាញ ខណៈកម្មវិធី TikTok ដែលជាដៃប្រកួតប្រជែងមួយរបស់ Facebook មានការទាញយករហូតដល់ជាង៣ពាន់លានដងនៅជុំវិញពិភពលោក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទឹកប្រាក់នេះនឹងត្រូវផ្ដល់ជូនទៅលើ creators ដែលបានបង្កើតនូវ មាតិកាវីដេអូដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ដោយក្នុងនោះសម្រាប់ creators នៅលើ Instagram ក៏នឹងមានឱកាសទទួលប្រាក់រង្វាន់នេះផងដែរ។
ក្រុមអ្នកវិភាគបានឱ្យដឹងថា សកម្មភាពរបស់Facebook នេះគឺធ្វើឡើងចង់ទាក់ទាញ creators ផ្សេងៗនៅជុំវិញពិភពលោកឱ្យងាកមកបង្កើតមាតិកាព័ត៌មានផ្សេងៗ សម្រាប់បណ្ដាញសង្គមរបស់ខ្លួនផងដែរ ខណ: YouTube បានប្រកាសជះលុយខ្ទង់ពាន់លានដុល្លារ ដើម្បីផ្ដល់ប្រាក់ដល់អ្នកបង្កើតវីដេអូខ្លីៗដូចគ្នា និងស្របពេលដែល TikTok កំពុងតែជោគជ័យលើវិថីវីដេអូខ្លីៗ។
ក្រុមហ៊ុន Facebook នឹងផ្ដល់ប្រាក់១ពាន់លានដុល្លារអាមេរិកនេះ ជារង្វាន់ដល់ creators ទាំងឡាយណា ដែល ត្រូវបាន Facebook ជ្រើសរើសឱ្យចូលរួមក្នុងការប្រកួតប្រជែងប៉ុណ្ណោះ ដោយក្នុងនោះផ្ដោតសំខាន់លើមាតិកាធំៗចំនួនពីរគឺវីដេអូ ព័ត៌មានទូទៅ តែផ្ដល់នូវអត្ថប្រយោជន៍ និងចំណេះ និងមួយទៀតគឺសម្រាប់អ្នក Live ហ្គេម៕