សមាគមធុរកិច្ចកម្ពុជា-ថៃចាប់ដៃគ្នាជំរុញការវិនិយោគរវាងប្រទេសទាំងពីរ

ដោយៈ ម៉ាណេត

បាងកកៈ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំប្រទេសថៃ (CBC) និងសមាគមជំរុញកិច្ចសន្យាបន្តថៃ (Thai Subcon) ដែលប្រមូលផ្តុំដោយសមាជិកផលិតករឧស្សាហកម្មច្រើនជាង៥០០ក្រុមហ៊ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យឯកជនប្រទេសទាំងពីរ សំដៅចូលរួមអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១)។

ពិធីចុះ MoU បានធ្វើឡើងរវាង លោក សម្បត្តិ សុធា ប្រធាន CBC និងលោក Kiattisak Jirakajornwong ប្រធាន Thai Subcon ក្រោមអធិបតីភាព លោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងធ្វើជាសាក្សីពី លោកហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសថៃ តាមរយៈប្រព័ន្ធវីដេអូ ដោយសារតែការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ បន្តមានសន្ទុះខ្លាំងក្លានៅឡើយ។

ថ្លែងនៅក្នុងពិធីនោះ លោកសម្បត្តិ សុធាបានថ្លែងថា បេសកកម្មរបស់ CBC ក្នុងការបង្កើតវេទិកាមួយ គឺដើម្បីកសាងទំនាក់ទំនងរឹងមាំ ជាមួយសមាគមធុរកិច្ចផ្សេងៗ និងជួយគាំទ្រសមាជិកសមាជិកានៃសហគមន៍ធុរកិច្ច ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងលើកស្ទួយអត្ថប្រយោជន៍របស់ពួកគេ ទៅកាន់អ្នកតាក់តែងគោល នយោបាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសម្បត្តិ បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំសូមអរគុណដល់លោកប្រធាន Thai Subcorn ហើយទន្ទឹងរង់ចាំធ្វើការ ជាមួយគ្នា ក្នុងបេសកកម្ម និងកិច្ចសហការប្រកបដោយផ្លែផ្កាលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ”។

ជាមួយគា្ននេះដែរ លោក Kiattisak Jirakajornwong បានលើកឡើងថា បេសកកម្ម និងចក្ខុវិស័យរបស់ Thai Subcorn គឺដើម្បីកសាង សមត្ថភាពសមាជិកសមាជិកាផ្នែកផលិតកម្ម និងការធ្វើទីផ្សារ ពង្រឹងបណ្តាញធុរកិច្ចសាកល ដោយតភ្ជាប់អាជីវកម្ម របស់ពួកគេ ជាមួយស្ថាប័នរដ្ឋ និងអង្គការជាតិ និងអន្តរជាតិ។

លោក Kiattisak បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការនេះ ខ្ញុំមានជំនឿមុតមាំថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ ស្ថាប័នយើងទាំងពីរឥតកំណត់។ Thai Subcon សន្យានឹងប្រឹងប្រែងធ្វើឱ្យអនុស្សរណៈនេះ ទទួលបានផលចំណេញ សម្រាប់សមាគមទាំងពីរ និងដើម្បីមិត្តភាពកម្ពុជា និងថៃ”។

យោងតាមខ្លឹមសារនៃ MoU ភាគីទាំងពីរបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍ សកម្មភាពទាក់ទងនឹងធុរកិច្ច វិនិយោគ និងពាណិជ្ជកម្ម ដើម្បីលើកម្ពស់ និងពង្រីកបណ្ដាញអាជីវកម្មរបស់សមាជិក សមាជិកានៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធទៅវិញទៅមក និងគាំទ្របណ្តាញ ទីផ្សារ ដើម្បីជំរុញដល់ការតភ្ជាប់វប្បធម៌ និងសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here