ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាជំរុញការដោះស្រាយបញ្ហាទីផ្សារនាំចេញខណៈទិន្នផលស្រូវកំពុងមានភាពប្រសើរ

ដោយៈ លក្ខិណា

ភ្នំពេញៈ ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល៦ខែនេះត្រូវបានរាយការណ៍ថា បានធ្លាក់ចុះរហូតដល់ជិត៣០ភាគរយ។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោកឧកញ៉ាសុង សារ៉នបានប្រាប់សមាជិករបស់ខ្លួនពីការត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាទីផ្សារនាំចេញ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ កក្កដា ២០២១នេះ លោកឧកញ៉ាសុង សារ៉នបានបង្ហាញជូនសមាជិកអង្គប្រជុំអំពីបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន និងពេលខាងមុខ ដែលវិស័យស្រូវអង្ករត្រូវត្រៀមខ្លួនជាស្រេចដើម្បីទទួលយក ដែលក្នុងនោះរួមមាន បញ្ហាថ្លៃដឹកជញ្ជូនតាមសមុទ្រនៅតែបន្តឡើងថ្លៃ កង្វះទូកុងតឺន័រ តម្លៃទីផ្សារអង្ករ (អង្ករក្រអូប) អន្តរជាតិបន្តធ្លាក់ចុះ តម្លៃធាតុចូលឡើងថ្លៃ កង្វះទុនសម្រាប់ទិញស្រូវ (ជាពិសេសរោងម៉ាស៊ីនដែលសល់ស្តុកចាស់)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានឹងបញ្ហាប្រឈមទាំងនេះ ឧកញ៉ាប្រធានក៏បានលើកជូនអង្គប្រជុំអំពីការគិតគូរលើយុទ្ធសាស្រ្តឆ្លើយតប ថាតើគួរធ្វើយ៉ាងណាដើម្បីឱ្យវិស័យមួយនេះ មានភាពប្រកួតប្រជែងបន្តទៀត នៅក្នុងបរិបទកូវីដ១៩នេះ ដែលចាំបាច់ត្រូវការធាតុចូលពីសមាជិក សមាជិកាសហព័ន្ធ ដែលជាតួអង្គប្រឡូកដោយផ្ទាល់នៅក្នុងកិច្ចការងារនេះ។

លោកឧកញ៉ា សុង សារ៉នបានលើកឡើងថា នៅក្នុងឆ្នាំ២០២១នេះ ទីផ្សារអង្ករនៅឆាកអន្តរជាតិមានការកើនឡើងខ្ពស់ ខណៈប្រទេសមួយចំនួនបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ធ្វើឱ្យតម្រូវការអង្ករនិងទំនិញ ផ្សេងៗ ទៀតក៏កើនឡើងខ្ពស់។

ទន្ទឹមនឹងនោះដែរ ប្រទេសដែលបន្តបិទខ្ទប់ក៏ត្រូវការស្បៀងសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរបស់ពួកគេផងដែ ។ ប៉ុន្តែបញ្ហាលើមធ្យោបាយដឹកជញ្ជូន ការដឹងកជញ្ជូនទៅកាន់ប្រទេសឆ្ងាយៗឡើងថ្លៃធ្វើឱ្យការនាំចេញរបស់កម្ពុជាបានធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ។

លោកឧកញ៉ាបន្ថែមថា សម្រាប់ទិន្នផលស្រូវកម្ពុជានៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ ក៏ឃើញថាមានភាពប្រសើរជាមួយនឹងតម្លៃក៏អាចទទួលយកបាន ដូច្នេះហើយការនាំចេញស្រូវមានបរិមាណច្រើនជាងការនាំចេញអង្ករក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។

របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីដើមខែកក្កដា២០២១នេះឱ្យដឹងថា ទីផ្សារអង្ករកម្ពុជារយៈពេល៦ខែនេះ មានគោលដៅនាំចេញចំនួន៤៧ប្រទេស ក្នុងនោះប្រទេសក្នុងសហភាពអឺរ៉ុបមានចំនួន២០ប្រទេស មានបរិមាណសរុប៦៧.១៣៦តោនថយចុះប្រមាណ៥០,៤៨ភាគរយ ប្រទេសចិនមានបរិមាណសរុប១៤៣.២៩៣តោន ថយចុះប្រមាណ៣,១៥ភាគរយ ទិសដៅប្រទេសក្នុងតំបន់អាស៊ានចំនួន៥មានបរិមាណ២៧.១៣៦តោន ថយចុះប្រមាណ៤៨,៧៩តោន និងទិសដៅប្រទេសដទៃទៀតចំនួន២១ប្រទេសមានបរិមាណសរុប៤២.៨៨៥តោនធ្លាក់ចុះ២៩,៨៦តោន។

នៅរយៈពេល៦ខែដើមឆ្នាំ២០២១នេះកម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានបរិមាណសរុប ២៨០.៤៥០តោន មានការថយចុះប្រមាណ២៩,៤៧ភាគរយ គិតជាទឹកប្រាក់នាំចេញមានចំនួន ២៣៧,៥៤លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here