ដោយៈ សាវុធ
ភ្នំពេញៈ សាកស្រមៃបន្តិចទៅមើលថា ប្រសិនបើអ្នកទៅផ្សារទំនើប ហើយអ្នកបានចាប់អារម្មណ៏ទៅលើរ៉ូបមួយដ៏ស្អាត។ អ្នកពិតជាចង់បានវាខ្លាំងណាស់ ដូចនេះតើអ្នកត្រូវធ្វើយ៉ាងណាពេលដែលអ្នកមិនមានប្រាក់គ្រប់គ្រាន់ សម្រាប់ទិញរបស់នោះ? កុំបារម្ភអី កាតឥណទានអាចជួយអ្នកបាននូវអ្វីដែលអ្នកចង់បាន។
មិនមានការប្រាក់
នៅពេលដែលអ្នកបង់ប្រាក់ជាមួយកាតឥណទាន នោះមានន័យថាអ្នកបានខ្ចីប្រាក់ពីធនាគារ ។ កាតឥណទាននឹងគិតប្រាក់ពីអ្នក ជាមួយនឹងការប្រាក់ខ្ពស់ក្នុងករណី ដែលអ្នកមិនបង់អោយគេទាន់ពេលវេលា។ ជាការពិតណាស់ ប្រសិនបើអ្នកបង់មុនពេលកំណត់ នោះមិនគិតការប្រាក់ទៅលើការខ្ចីរបស់អ្នកឡើយ នោះហើយហៅថា ការមិនយកការប្រាក់ចំពោះអតិថិជនដំបូង។
លឿន និងងាយស្រួល
អ្នកអាចទទួលបានអ្វីដែលអ្នកចង់បាន ដោយមិនចាំបាច់រង់ចាំរហូតដល់ថ្ងៃ ដែលអ្នកសន្សំប្រាក់បានគ្រប់គ្រាន់នោះទេ ។
សុវត្ថិភាពជាង
អ្នកមិនចាំបាច់យកសាច់ប្រាក់តាមខ្លួន គ្រប់ពេលដែលអ្នកធ្វើដំណើរ ហើយថែមទាំងការពារទៅលើអំពើឆក់ ឬ ប្លន់ណាមួយ។
វីសាកាតអន្តរជាតិ
កាតឥណទានវីសាអាចប្រើបាននៅក្រៅប្រទេស។ ប្រសិនបើអ្នកឃើញផ្លាកសញ្ញាថា អាចប្រើប្រាស់កាតវីសានៅតាមបណ្តាហាង ឬភោជនីយដ្ឋានណាមួយ នោះអ្នកមិនចាំបាច់ប្តូររូបិយប័ណ្ណសាច់ប្រាក់ ឬបង់ប្រាក់តាមរូបិយប័ណ្ណបរទេសនោះទេ។
ម៉ាស័្ទរកាត (Master Card) ក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់ដែរ ពីព្រោះវាគឺជាកាតដែលមានគេប្រើច្រើនបន្ទាប់ពីវីសាកាត។
ឱកាសក្នុងការទទួលបានសំណង
ប្រសិនបើផលិតផលណាមួយ ដែលអ្នកមានការមិនពេញចិត្ត ឬ អ្នកលក់អាចបោកអ្នកដោយលក់ផលិតផល មានភាពខុសគ្នាពីទម្រង់ដើម នោះអ្នកអាចស្នើរធនាគារ ដើម្បីសងអ្នកវិញ ឬឱ្យពួកគេធ្វើការដោះស្រាយជំនួសអ្នក ប៉ុន្តែក្នុងករណីនៃចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានកំណត់តែប៉ុណ្ណោះ។
យ៉ាងណាមិញ នៅក្នុងករណីដែលមានចោរលួច ហើយព្យាយាមប្រើកាតរបស់អ្នកដើម្បីដកប្រាក់ នោះអ្នកអាចទាក់ទងទៅធនាគារដើម្បីដាក់ពាក្យបណ្តឹង ។
ប្រវត្តិឥណទានល្អ
វាជាការល្អដែលអ្នកគួរបង់ប្រាក់តាមពេលកំណត់ ដើម្បីអោយប្រវត្តិនៃការខ្ចីប្រាក់របស់អ្នកល្អ ។ វាអាចជួយអ្នកនៅថ្ងៃណាមួយពេល ដែលអ្នកចង់ធ្វើការខ្ចីប្រាក់ ពីព្រោះអ្នកមានប្រវត្តិ នៃការបង់ប្រាក់ទាន់ពេលវេលា។ នេះពិតជាសំខាន់ សម្រាប់ពេលអនាគតខ្លាំងណាស់។
ការផ្តល់ជូនការបញ្ចុះតម្លៃ
អ្នកដែលផ្តល់កាត និងហាងឬភោជនីយដ្ឋានមួយចំនួន ប្រាកដជាមានការសហការគ្នា ហើយនេះជាអត្ថប្រយោជន៍ ដែលអ្នកអាចមានឱកាសទទួលបាន ការបញ្ចុះតម្លៃប្រហែលពី១០% ទៅ២០% អាស្រ័យទៅលើកិច្ចសន្យារបស់ពួកគេទាំងសងខាង។
បន្ថែមពីនេះ អ្នកផ្តល់កាតជាច្រើន តែងមានការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗពីគ្នាដូចជា ការធានារ៉ាប់រង ឬ ចម្ងាយនៃការធ្វើដំណើរផ្លូវអាកាស៕