ឧកញ៉ាចេង ខេងបង្ហើបពីគន្លឹះមួយចំនួនដើម្បីជួយអ្នកគេចផុតពីភាពក្រ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មនុស្សទាំងអស់នៅលើពិភពលោកនេះ គ្មានអ្នកណាម្នាក់ចង់ក្រនោះឡើយ ប៉ុន្តែសកម្មភាពមួយចំនួនដែលពួកគេប្រព្រឹត្តិជាប្រចាំនោះហើយ ដែលធ្វើឱ្យពួកគេធ្លាក់ខ្លួនក្រដោយមិនដឹងខ្លួន។ ថ្ងៃនេះ យើងសូមលើកយកនូវចំនុចមួយចំនួន ដែលជាគន្លឹះដែលអាចគេចផុតពីភាពក្រ និងអាចងើបទៅរកភាពជាអ្នកមាន។

លោកឧកញ៉ាចេង ខេងចាត់ទុកជាបុគ្គលជោគជ័យមួយរូប ដែលតស៊ូពីកូនកសិករ រហូតក្លាយជាមនុស្សម្នាក់ដែលសង្គមទទួលស្គាល់ និងចាត់ទុកជាបុគ្គលគំរូមួយរូបសម្រាប់យុវជនកម្ពុជាផងដែរ។ លោកឧកញ៉ាបានលើកឡើងពីគន្លឹះ ដែលអាចគេចផុតពីភាពក្រ និងអាចរស់នៅជាមួយនឹងជីវភាពប្រសើរ និងឆ្ពោះទៅរកភាពមានបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាមានប្រសាសន៍ថា រាល់សកម្មភាពរបស់មនុស្សម្នាក់ៗតែងតែមានវិជ្ជមាននិងអវិជ្ជមាន ប៉ុន្តែដើម្បីឱ្យជីវិតយើងគេចផុតពីភាពក្រីក្រនោះ សូមធ្វើរឿងណាដែលវិជ្ជមាន មានប្រយោជន៍ដល់រូបយើង ហើយបើជួបរឿងអវិជ្ជមាន គឺត្រូវកែខែយ៉ាងណាឱ្យទៅជារឿងវិជ្ជមាន។

លោកឧកញ៉ាបានថ្លែងដូច្នេះថា “ចង់ធ្វើជាអ្នកមាន ដាច់ខាតត្រូវការពារភាពអវិជ្ជមានដែលអាចចូលខ្លួនយើង តាមរយៈការសេពគប់មិត្តភក្ដិ ។ បើភាពអវិជ្ជមានចូលខ្លួនវាពិបាកក្នុងការគេចផុតពីភាពក្រឬជោគជ័យណាស់។ ប៉ុន្តែបើសិនជាយើងចេះកែច្នៃភាពអវិជ្ជមានទៅជាវិជ្ជមានវិញនោះ វានឹងធ្វើឱ្យអាចជោគជ័យបាន”។

លោកឧកញ៉ាបន្តថា យើងត្រូវចាំថា ភាពអវិជ្ជមានវាងាយចូលខ្លួនយើងណាស់ តាមរយៈមិត្តភក្ដិបងប្អូនជាដើម ហើយការជ្រើសរើសមនុស្សក្នុងការសេពគប់ក៏រឿងមួយសំខាន់ផងដែរ ដើម្បីឱ្យខ្លួនយើងអាចគេផុតពីភាពក្របាន។

លោកឧកញ៉ាបានបន្ថែមថា នៅក្នុងសង្គមបច្ចុប្បន្ននេះ អ្នកក្រគឺអត់មានអ្វី ដែលត្រូវបារម្ភនោះទេ ព្រោះបើគាត់ក្រហើយ គាតអត់ខ្លាចធ្លាក់ខ្លួនក្រទៀតទេ ហើយរឹតតែមិនដេកភ័យថា គាត់នឹងក្លាយជាអ្នកមានដែរ ។តែអ្នកដែលបារម្ភនិងកាន់តែភ័យព្រួយនោះគឺអ្នកមាន។ អ្នកមានដេកភ័យដេកព្រួយខ្លាចថ្ងៃណាមួយខ្លួនធ្លាក់ទៅរកភាពក្រីក្រវិញហើយ ដូច្នេះហើយអ្នកមានគេខំប្រឹងធ្វើការខំប្រឹងរកស៊ីបង្កើនទ្រព្យនិងបញ្ចេញសកម្មភាពខ្លាំងជាងអ្នកក្រ។

លោកឧកញ៉ាបានឱ្យដឹងទៀតថា “អ្នកមានដែលធ្លាក់ខ្លួនក្រគឺគេពិបាកទទួលយកខ្លាំងណាស់ បាក់ទឹកចិត្តខ្លាំងណាស់ ដូច្នេះហើយការចាយវាយរបស់អ្នកមាន ការចំណាយរបស់អ្នកមានគឺត្រូវមានក្បួនខ្នាត ច្បាស់លាស់ មុននឹងចំណាយទៅលើអ្វីមួយ”។

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ គេអាចនិយាយបានថាកំណើនអ្នកមានកាន់តែច្រើន ហើយអ្នកក្រក៏បានកាត់បន្ថយបានច្រើន ដោយក្នុងនោះគេឃើញថា អ្នកឧកញ៉ា ឧកញ៉ា នៅក្នុងប្រទេសកម្ពុជាមានចំនួនកាន់តែច្រើនហើយតាមរយៈពួកគាត់នេះដែរ អាចបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកាន់តែច្រើនដែលជារួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសបានកាន់តែច្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here