ហាងឆេងមាសដាំក្បាលចុះ ខណៈប្រាក់ដុល្លារអាមេរិក និងភាគហ៊ុនហក់ឡើង

សោយៈ សុខុម

អាមេរិក: ហាងឆេងតម្លៃមាសបានដាំក្បាលចុះនៅថ្ងៃច័ន្ទ ទី១២ កក្កដា នេះ ខណៈប្រាក់ដុល្លារអាមេរិក ហក់ឡើងថ្លៃបន្តិច ហើយភាគហ៊ុនក៏ហក់ឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។

ស្ថានភាពនេះកើតមានឡើង ខណៈបណ្ដាវិនិយោគិនកំពុងទន្ទឹងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក និងសក្ខីកម្មរបស់លោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក (Federal Reserve) នៅសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហាងឆេងមាសទូទៅបានធ្លាក់ចុះ០,២%មកនៅត្រឹម១.៨០៣,៥៦ដុល្លារអាមេរិក ក្នុងមួយអោន (Ounce) ខណៈការជួញដូរមាសអាមេរិក បានធ្លាក់ថ្លៃ០,៤%មកនៅត្រឹម១.៨០៣,៩ដុល្លារក្នុងមួយអោន។

ភាគហ៊ុនអាស៊ី បានហក់ឡើងបន្ទាប់ពីភាគហ៊ុននៅសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street បានហក់ឡើងខ្ពស់មិនធ្លាប់មានកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ខណៈពេលដែលសន្ទស្សន៍ប្រាក់ដុល្លារហក់ឡើង០,១%។

ក្រុមអ្នកជំនាញមើលឃើញថា ការធ្លាក់តម្លៃមាសបណ្ដាលមកពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ដ៏កាចសាហាវដែលអាចង្អាក់ល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ចពិភពលោក។

នេះសរបង្ហាញឱ្យឃើញថា ដំណើរងើបឡើងនៃសេដ្ឋកិច្ចនឹងមិនរលូនដូចការរំពឹងទុកឡើង ខណៈមហាយក្សចិន កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានបដិសេធមិនបញ្ចេញកញ្ចប់ថវិកា១៥៤ពាន់លានដុល្លារអាមេរិក សម្រាប់ស្ដារសេដ្ឋកិច្ចរបស់ខ្លួន។

ពេលនេះបណ្ដាវិនិយោគិនកំពុងរង់ចាំអ៊ុតមើលទិន្នន័យរបស់សហរដ្ឋអាមេរិក រួមទាំងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅថ្ងៃអង្គារ ទី១៣ កក្កដា និងសក្ខីកម្មរបស់លោក Jerome Powell នៅថ្ងៃពុធ ទី១៤ កក្កដា និងថ្ងៃព្រហស្បតិ៍ ទី១៥ កក្កដា សម្រាប់តម្រុយស្ដីពីការរឹតបន្តឹងគោលនយោបាយដោយធនាគារកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here