ដោយៈគង់ ម៉ាលីន
ព្រះសីហនុៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងស្ថិតនៅលើផែនការអភិវឌ្ឍន៍ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលការដឹកជញ្ជូនទំនិញនាពេលអនាគត និងជួយជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា។
យោងផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅជម្រៅ១៤,៥ម៉ែត្រ រួមមាន គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង៣០០ម៉ែត្រ និងជំហានទីបីប្រវែង៣០០ម៉ែត្រផងដែរ។
ជាមួយគ្នានេះផងដែរក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន រួមមាន គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង១០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ។
កាលពីឆ្នាំ២០២០កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ជាង៦,៦លានតោន កើនឡើង0,៨៣% បរិមាណនាវាឆ្លងកាត់មានចំនួន១៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤១ ៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន៣១១ពាន់លានរៀល ថយចុះចំនួន៧ភាគរយ៕