លោកបណ្ឌិតគីម ហ៊ាងលើកឡើងពីភាពជាក្រុមហ៊ុនធំ និងភាពជាអ្នកមានទ្រព្យច្រើន

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ មានសាធារណជនជាច្រើនតែងតែយល់ច្រលំថាក្រុមហ៊ុនេះធំជាងគេក្រុមហ៊ុននោះធំជាងគេ ដោយសំអាងថាក្រុមនេះមានបុគ្គលិកច្រើន មានការរិយាល័យធំ ហើយម្ចាស់ក្រុមហ៊ុនជាអ្នកមានជាងគេ ប្រចាំប្រទេសទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែទាំងនេះ គ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ ដោយមិនអាចចាត់ទុកថាក្រុមហ៊ុននេះក្រុមហ៊ុននោះ ធំជាងគេប្រចាំប្រទេសឡើយ ។ តើធ្វើដូចម្ដេចដើម្បីឱ្យដឹងថាក្រុមហ៊ុនណាមួយធំជាងគេនោះ?។

លោកបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ នៅក្នុងវេទិកាភាពជាអ្នកមានកាលពីពេលថ្មីៗនេះឱ្យដឹងថា វាអត់ពិបាកទេក្នុងការឱ្យដឹងថាក្រុមហ៊ុនណាមួយ ជាក្រុមហ៊ុនធំជាងគេប្រចាំប្រទេសប្រចាំពិភពលោក។ បើតាមបទពិសោធន៍របស់ប្រទេសជប៉ុន គេចាត់ទុកក្រុមហ៊ុនណាមួយ ជាក្រុមហ៊ុនធំជាងគេតាមរយៈការបង់ពន្ធប្រចាំឆ្នាំជូនរដ្ឋ បើសិនជាក្រុមហ៊ុនណាបង់ពន្ធច្រើនជាងគេ ក្រុមហ៊ុននោះហើយជាក្រុមហ៊ុនធំជាងគេ ដូចគ្នាដែរនៅកម្ពុជា បើសិនជាចង់ដឹងថាក្រុមហ៊ុនណាមួយធំមានតែពន្ធដារទេ ដែលដឹងថាក្រុមហ៊ុនណាមួយនៅកម្ពុជា បង់ពន្ធមួយឆ្នាំៗច្រើនជាងគេ។

លោកបន្តថា “នៅកម្ពុជាពន្ធដារមិនដែលប្រកាសថា ក្រុមហ៊ុនណាមួយបង់ពន្ធច្រើនក្រុមហ៊ុនណាមួយបង់ពន្ធតិចនោះទេ តែមានក្រុមហ៊ុនខ្លះបានប្រកាសខ្លួនឯងថា ជាអ្នកបង់ពន្ធច្រើនជាងគេទី១៥ឬទី១៤ ប៉ុន្តែគ្មានអ្នកណាដឹងក្រុមហ៊ុនទី១៣ឬទី១២ឡើយ “។

លោកបន្តថា “មិនខុសគ្នានោះទេពាក្យអ្នកមាន បើនៅប្រទេសរីកចម្រើន អ្នកមានគឺជាអ្នក ដែលអាចធ្វើដំណើរទៅប្រទេសណា ក៏បានតំបន់ណាក៏បានដែរ ហើយដើម្បីធ្វើដំណើរទៅបរទេសបាន គឺទី១ ត្រូវមានលុយ ទី២គាត់ត្រូវមានពេលវេលាដើម្បីដើរលេងទី៣ គាត់ត្រូវមានសុខភាពល្អទើបអាចដើរលេងបាន”។ នៅប្រទេសជប៉ុនវិញអ្នកមាន ក៏ជាអ្នកដែលបង់ពន្ធរបស់ខ្លួន ប្រចាំឆ្នាំច្រើនជាងគេផងដែរ ។

លោកបណ្ឌិតបន្ថែមថា បើសិនជាយើងមានតែលុយ ប៉ុន្តែអត់មានពេលវេលាដើរលេង ហើយមានជំងឺប្រចាំកាយទៀត នោះគេមិនហៅថាជាអ្នកមានទេ។ សម្រាប់អ្នកមាននៅកម្ពុជា មានអ្នកយល់ច្រលំច្រើនណាស់ ដោយគិតថាអ្នកណាមានលុយច្រើនអ្នកនោះហើយជាអ្នកមាន ប៉ុន្តែតើអ្នកណាទៅដឹងបុគ្គលណាមួយមានលុយប៉ុន្មាន ពីព្រោះទ្រព្យសម្បត្តិបុគ្គលមិនមានច្បាប់ ឱ្យប្រកាសជាសាធារណនោះឡើយ។

លោកបណ្ឌិតគីម ហ៊ាងបានចែករំលែកនូវបទពិសោធន៍របស់ខ្លួន ដែលឆ្លងកាត់កន្លងមកសម្រាប់យុវជនកម្ពុជា គឺស្ថិតនៅក្នុងភាពជាយុវ័យ លោកមិនដែលឆ្លងកាត់រឿងស្នេហា ដើរលេងសប្បាយហ៊ឺហារ ផឹកស៊ី លេងល្បែង។ ស្ថិតនៅក្នុងភាពជាយុវ័យអ្វីដែលលោកត្រូវធ្វើគឺការងាររកលុយ អភិវឌ្ឍន៍ខ្លួននិងបង្កើតមុខជំនួញសម្រាប់អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here