ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិមួយ បានពង្រីកទំហំវិនិយោគជាង៩០លានដុល្លារ ដើម្បីសាងសង់ស្ថានីយ៍ជាង៣០០កន្លែងនៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តនៅកម្ពុជា បានរាយការណ៍ថា ខ្លួនបានពង្រីកស្ថានីយជាង៣០០កន្លែង នៅទូទាំងប្រទេសក្នុងអំឡុងពេល៦ខែឆ្នាំ ២០២១ ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលកើនឡើងសម្រាប់ការតភ្ជាប់ដ៏រឹងមាំ និងទុកចិត្តបាន។
ការដាក់ពង្រាយនេះ ជាផ្នែកមួយនៃគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន ដែលមានតម្លៃជាង៩០ លានដុល្លារ ហើយនៅចុងឆ្នាំ ២០២១ ក្រុមហ៊ុនគ្រោងនឹងបន្ថែមដល់ទីតាំង៣៥០កន្លែងទៀត។
ការវិនិយោគដែលបានប្រកាសកាលពីខែមេសាមានឈ្មោះថា “កម្មវិធីកែលម្អហេ ដ្ឋារចនាសម្ព័ន្ធបណ្ដាញឆ្នាំ២០២១” នឹងត្រូវប្រើប្រាស់ ដើម្បីលើកកម្ពស់បណ្ដាញ4G LTE ដែលមានស្រាប់របស់ខ្លួន ដើម្បីផ្ដល់សេវាទូទាំងប្រទេស និងជំរុញឱ្យមានការផ្លាស់ប្តូរកាន់តែរលូនទៅសេវាឥតខ្សែ5G និង “ល្បឿនអ៊ីនធឺណិតចល័តដែលជំរុញដោយតួប៊ីន” ដែលរង់ចាំការសម្រេចពីរដ្ឋាភិបាល ដើម្បីដាក់ចេញសេវាកម្មពាណិជ្ជកម្មពេញលេញ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុនSmart Axiata ឱ្យដឹងថា ខណៈពេលបន្តការវិនិយោគជំរុញល្បឿនលឿន ទៅលើសេវា 4G ទីតាំងបណ្ដាញទូរគមនាគមន៍ថ្មីៗជាច្រើនផ្សេងទៀត នឹងដាក់ពង្រាយនៅប៉ុន្មានខែខាងមុខ។
ក្រុមហ៊ុនកំពុងរង់ចាំជាមួយនឹងក្ដីរំភើប ដើម្បីដាក់ដំណើរការសេវាបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា “ក្រុមហ៊ុន Smart សម្លឹងឃើញខ្លួនឯងជាក្រុមហ៊ុនដ៏សំខាន់ ដែលអាចជំរុញសក្ដានុពលឌីជីថលនៅកម្ពុជា និងដែលអាចធ្វើឱ្យប្រព័ន្ធទំនាក់ទំនងលឿនរហ័ស និងមិនលំបាកសម្រាប់អ្នកប្រើប្រាស់ទោះពួកគេរស់នៅទីណាក៏ដោយ”៕