ទិន្នផលម្រេចកំពតឆ្នាំនេះរំពឹងទទួលបានប្រមាណ៩០តោនខណៈតម្រូវការទីផ្សារមានជុំវិញ៧០តោន

ដោយៈ លក្ខិណា

ភ្នំពេញៈ ដល់រដូវប្រមូលផលម្រេចសម្រាប់ឆ្នាំ២០២១នេះ ម្រេចកំពតរំពឹងថានឹងទទួលបានទិន្នផលប្រមាណ៩០តោនប៉ុណ្ណោះ ហើយបើធៀបនឹងទិន្នផលកាលពីឆ្នាំមុន គឺប្រហាក់ប្រហែលគ្នាមិនមានការកើនឡើង ឬថយចុះនោះឡើយ។ នេះបើតាមលោកងួន ឡាយប្រធានសមាគមលើកកម្ពស់ម្រេចខេត្តកំពត ថ្លែងប្រាប់ទូរសព្ទនៅថ្ងៃទី៧ ខែកក្កដា ២០២១។

លោកងួន ឡាយបានឱ្យដឹងថា ឆ្នាំនេះការប្រមូលផលម្រេចមានភាពយឺតយ៉ាវបន្តិចដោយសារតែកត្តាអាកាសធាតុ ភ្លៀងធ្លាក់មិនទៀតទាត់ ដែលធ្វើឱ្យម្រេចខ្លះទុំមុននិងខ្លះទៀតទុំក្រោយ។ ម្យ៉ាងទៀតការប្រមូលផលមានភាពយឺតយ៉ាវនេះដែរ ក៏ដោយសារតែតម្រូវការទីផ្សារឆ្នាំនេះគឺផ្ដោតលើម្រេចក្រហមច្រើនជាង ទើបពលរដ្ឋទុំម្រេចទាំងនោះឱ្យដល់ទុំទើបប្រមូលយកមកផ្ទះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ទិន្នផលឆ្នាំនេះ គឺប្រហែលប្រហែលនឹងឆ្នាំមុន តែទីផ្សារបានលើកឡើងតិចតួចប៉ុណ្ណោះ ពោលគឺប្រមាណជាង៧០តោន ហើយនៅសល់ទាំងប៉ុន្មាន គឺត្រូវរកទីផ្សារខ្លួនឯងផង និងទុកផងសម្រាប់លក់នៅពេលមានតម្រូវការនៅពេលក្រោយ។

លោកបានថ្លែងដូច្នេះថា “មកដល់ពេលនេះផ្ទៃដីដាំដុះមិនមានការពង្រីកបន្ថែមទៀតទេ តែផ្ទុយទៅវិញផ្ទៃដីដំណាំម្រេចសរុបមានការថយចុះប្រមាណ៥០ហិចតា ដូច្នេះសមាគមយើងមានតែរក្សា និងពង្រឹងគុណភាពម្រេចដែលនៅសេសសល់ឱ្យល្អ”។

លោកបន្ថែមថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តម្លៃម្រេចមិនមានការកែប្រែនោះទេ គឺរក្សាតម្លៃដដែល និងមិនទាន់មានគម្រោងក្នុងការឡើងថ្លៃទៀតនោះដែរ ពោលគឺម្រេចខ្មៅ១៥ដុល្លារក្នុងមួយគីឡូក្រាម ម្រេចក្រហម ២៥ដុល្លារអាមេរិក និងម្រេចសតម្លៃ២៨ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។

លោកអុន ប៊ុតកសិករដាំម្រេចនៅខេត្តកំពតមួយរូបបានឱ្យដឹងថា ម្រេចជាដំណាំមួយពិបាកក្នុងការថែទាំ ហើយប្រៀបធៀបវាដូចនឹងកូនង៉ែតអញ្ចឹង ដែលត្រូវទៅមើលព្រឹកមើលល្ងាច ហើយបើសិនជាមានភ្លៀងធ្លាក់និងព្យុះទៀតរឹតតែទៅមើលញឹកញាប់ទៅទៀត ខ្លាចដួលរលំជន្លង់ ប៉ុន្តែម្រេចក៏មានតម្លៃខ្ពស់ដែរ បើសិនជាលក់ចេញតាមសមាគមតែបើសិនជាសមាគមគ្រប់ចំនួនទៅតាមតម្រូវការទីផ្សារ កសិករត្រូវលក់ជូនឈ្មួញខាងក្រៅ ដែលមានតម្លៃទាបជាងតម្លៃក្នុងសហគមន៍។

លោកបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែទីផ្សារតាមរយៈសមាគមចាប់ផ្ដើមចង្អៀតកសិករមួយចំនួនក៏បានលក់ម្រេចចេញ តាមរយៈឈ្មួញខាងក្រៅ ដើម្បីបានកម្រៃខ្លះ ដើម្បីដោះស្រាយជីវភាព និងបានកម្រៃខ្លះទូទាត់ការចំណាយនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here