ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េសម្រេចបានទំហំទឹកប្រាក់៣៧៧លានដុល្លារ

ដោយៈ សាវុធ

ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងសម្រេចបានទឹកប្រាក់ប្រមាណ៣៧៧លានដុល្លារក្នុងរយៈពេល៥ខែដំបូង ឆ្នាំនេះ កើនឡើង៦,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) កាលពីម្សិលមិញ។

ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ប្រទេសកម្ពុជា បាននាំចេញទំនិញមានតម្លៃ១៣៩ លានដុល្លារអាមេរិកទៅកាន់ទីផ្សារកូរ៉េ ធ្លាក់ចុះនៃកំណើន០,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសកម្ពុជា បាននាំចូលផលិតផលពីប្រទេសកូរ៉េមានតម្លៃ២៣៧លានដុល្លារ កើនឡើង ១០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូងរួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ ទឹកដោះគោ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងគ្រឿងអេឡិចត្រូនិច ខណៈដែលការនាំចូលពីកូរ៉េខាងត្បូងមានដូចជាគ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ និងផលិតផលផ្លាស្ទិចជាដើម។

យោងតាមលោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងកូរ៉េខាងត្បូងត្រូវបានរំពឹងថានឹងត្រូវបានចុះហត្ថលេខានៅឆ្នាំនេះ បន្ទាប់ពីភាគីទាំងពីរបានប្រកាសបញ្ចប់ការចរចាររបស់ពួកគេកាលពីខែកុម្ភៈ។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងមានចំនួន៨៨៤លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ១៧ភាគរយ ធៀបនឹងទំហំពាណិជ្ជកម្ម១.០៣២លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here