ដោយៈ សាវុធ
ភ្នំពេញៈ ពេលខ្លះអ្នកមិនបានដឹងទេថា ទម្លាប់មួយចំនួននាំអោយអ្នកអាចក្លាយទៅជាកូនបំណុលគេដោយមិនដឹងខ្លួន។ តើចង់ដឹងទេថាទង្វើអ្វីខ្លះ ដែលធ្វើឱ្យជីវិតអ្នកធ្លាក់ទៅជាកូនបំណុលគេ?។
ថ្ងៃនេះ យើងនឹងលើកយកមកបង្ហាញនូវចំណុចមួយចំនួន ដែលធ្វើអោយជីវិតអ្នកធ្លាក់ទៅក្នុងបំណុល៖
១.គិតមិនបានវែងឆ្ងាយ
ពេលដែលអ្នកគិតមិនបានវែងឆ្ងាយ ប្រៀបដូចជាអ្នកគ្មានផែនការច្បាស់លាស់សម្រាប់ខ្លួនឯងអញ្ចឹង។ តើអ្នកធ្លាប់ដឹងទេថា ក្នុងវ័យណាអ្នកអាចរកលុយបានច្រើន វ័យណាអ្នកមិនអាចរកលុយបាន។ ជាធម្មតាក្នុងវ័យក្រោម២៣ឆ្នាំ ជាពេលដែលអ្នកត្រូវក្រេបជញ្ជក់ចំណេះវិជ្ជា ហើយចាប់ពីអាយុ២៤ឆ្នាំ រហូតដល់៤០ឆ្នាំប្លាយ គឺជាពេលដែលអ្នកត្រូវប្រឹងប្រែងរកលុយអោយបានច្រើន តាមដែលអាចធ្វើទៅបាន ព្រោះចាប់ពី៤០ឆ្នាំប្លាយទៅ ទាំងកំលាំងកាយ កំលាំងប្រាជ្ញារបស់អ្នកចាប់ផ្ដើមអន់ថយបន្តិចម្ដងៗ ដែលធ្វើអោយចំណូលអ្នកត្រូវថយចុះ និងស្ទើតែគ្មានចំណូលផងក៏ថាបាន។
ដូចនេះក្នុងចន្លោះអាយ២៤ឆ្នាំ ដល់៤០ឆ្នាំប្លាយ បើអ្នកគិតតែពីចាយវាយ ហ៊ឺហាសប្បាយនឹងការដើរលេង មិនមានគម្រោងក្នុងការសន្សំសម្រាប់ពេលចាស់ទៅ នោះអ្នកនឹងជៀសមិនផុតពីការខ្ចីបំណុលគេជាមិនខាន។
២.គិតអ្វីងាយៗ
យើងសង្កេតឃើញហើយថា សព្វថ្ងៃនេះធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលផ្តល់កម្ចី មានចំនួនច្រើនមែនទែន។ វានឹងបង្កភាពងាយស្រួលដល់អ្នក នឹងមិនស្ទាក់ស្ទើរឡើយក្នុងការខ្ចីលុយធនាគារ នៅពេលអ្នកត្រូវការលុយបន្ទាន់ ប៉ុន្តែអ្នកត្រូវដឹងថា គេមិនមែនអោយលុយអ្នកយកមកចាយវាយស្រួលៗនោះទេ។
អ្នកត្រូវចំណាយលើការបង់ការប្រាក់រាល់ខែ ហើយបើអ្នកស្នើកម្ចីក្នុងចំនួនច្រើនទៀតនោះ អ្នកត្រូវដាក់ប្លង់ដីឬផ្ទះជាទ្រព្យបញ្ចាំ ដើម្បីជាទំនុកចិត្តដល់ធនាគារមុនផ្ដល់កម្ចីអោយអ្នក។ ប្រសិនបើអ្នកមិនមានលទ្ធភាពក្នុងការសងនោះ បំណុលរបស់អ្នកនឹងកើនឡើងពីមួយខែទៅមួយខែ អ្នកនឹងជំពាក់គេកាន់តែច្រើនទៅៗ។
៣.ចំណាយច្រើនជាងចំណូល
វាជារឿងមួយ ដែលពិបាកក្នុងការគ្រប់គ្រងចំណាយ ព្រោះពេលខ្លះអ្នកត្រូវចូលរូមកម្មវិធីច្រើនដូចជា អាពាហ៍ពិពាហ៍ ជុបលៀង ខួបកំណើត ការជួបជុំមិត្តភក្តិ ដំណើរកំសាន្តផ្សេងៗ ដែលអ្នកមិនគ្រាន់តែចំណាយ លើការចូលរួមកម្មវិធីប៉ុណ្ណោះទេ អ្នកត្រូវចំណាយក្នុងការទិញសម្លៀកបំពាក់ទៀតផង ជាមូលហេតុធ្វើអោយអ្នកចំណាយច្រើនជាងចំណូលដែលរកបានទៅទៀត។
ពេលខ្លះទៀតអ្នកចូលចិត្តចំណាយ ទៅលើអ្វីដែលមិនមែន ជាតម្រូវការចំាបាច់ច្រើនហួសហេតុពេក ដោយភ្លេចគិតពីចំណូលអ្នក នោះនឹងនាំអោយអ្នកជំពាក់គេជាមិនខាន៕