USAIDផ្តល់ជំនួយជាង២១លានដុល្លារចូលរួមលើកកម្ពស់វិស័យសាកវប្បកម្មកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ គម្រោងកម្ពុជាហាវែស ក្រោមការគាំទ្រថវិកាជាង២១លានដុល្លារពីUSAIDបាននិងកំពុងលើកកម្ពស់វិស័យដំណាំសាកវប្បកម្ម ខណៈគម្រោងនេះផ្តោតសំខាន់ទៅលើអនុវិស័យដំណាំចំនួន៤មុខរួមមានដំណាំបន្លែ ស្វាយ មៀនប៉ៃលិន និងស្វាយចន្ទី។ នេះបើយោងតាមលើកឡើងរបស់លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

លោកបានឱ្យដឹងថា គម្រោងកម្ពុជាហាវែស Ⅱ (Feed the Future Cambodia Harvest Ⅱ “Harvest Ⅱ”) គឺជាគម្រោងដែលទទួលការឧបត្ថម្ភនិងគាំទ្រថវិកាចំនួនប្រមាណជា២១,២លានដុល្លារអាមេរិក ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មានរយៈពេល៥ឆ្នាំ៣ខែ (ចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៧ ដល់ពាក់កណ្តាល កក្កដា ឆ្នាំ២០២២)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្តថា គម្រោងនេះមានគោលបំណងជួយជំរុញកំណើនផលិតកម្មដំណាំសាកវប្បកម្ម នៅខេត្តគោលដៅចំនួន៤គឺ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ ព្រមទាំងបណ្តាខេត្តមួយចំនួនផ្សេងទៀតដែលមានសក្តានុពលផលិតកម្មដំណាំសាកវប្បកម្មមានដូចជាខេត្តមណ្ឌលគីរី កំពង់ស្ពឺ ប៉ៃលិន និងខេត្តព្រះវិហារជាដើម។

លោកបានបន្ថែមថា គម្រោងនេះផ្តោតសំខាន់ទៅលើអនុវិស័យដំណាំចំនួន៤មុខ រួមមានដំណាំបន្លែ ស្វាយ មៀនប៉ៃលិន និងស្វាយចន្ទី។ ក្រៅពីលើកកម្ពស់ផលិតកម្មដំណាំគម្រោង ក៏បានផ្តោតការយកចិត្តទុកដាក់បន្ថែមក្នុងការពង្រឹងសមត្ថភាពដើម្បីជំរុញការផ្សារភ្ជាប់ផលិតផលដំណាំទៅនឹងទីផ្សារ ក្នុងស្រុក និងទីផ្សារអន្តរជាតិ។

លទ្ធផលនៃការអនុវត្តគម្រោងក្នុងរយៈពេល៤ឆ្នាំកន្លង (មកទល់ខែមេសា ឆ្នាំ២០២១)៖ ១) ទឹកប្រាក់ដែលទទួលបានពីការលក់ចេញផលិតផលសរុប មានតម្លៃចំនួន៥១,៥លានដុល្លារអាមេរិក ២) ការបោះទុនវិនិយោគបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធមានតម្លៃចំនួន១៤,២លានដុល្លារអាមេរិក ៣) បានបង្កើតកម្កាំងពលកម្មថ្មីនៅសហគ្រាសនិងនៅចម្ការចំនួន១ ៨៧៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here