ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងសង្គមបច្ចុប្បន្ននេះ គេសង្កេតឃើញថា អ្នកមានកាន់តែមានហើយក៏កាន់តែមានថែមទៀត ខណៈអ្នកមានមួយចំនួនក៏បានធ្លាក់ខ្លួនមកក្រវិញផងដែរ និងមានអ្នកមានមួយចំនួននៅត្រឹមតែជីវភាពដដែល។
តើត្រូវធ្វើដូចម្ដេច ដើម្បីឱ្យអ្នកមានទ្រព្យនៅតែមាន និងកាន់តែមានប្រាក់ច្រើន ដោយមិនធ្លាក់កូដ។
លោកសោម សម្បត្តិអគ្គនាយកថ្នាក់ពណ៌ជាតិ បានថ្លែងនៅក្នុងវេទិកាភាពជាអ្នកមានឆ្នាំ២០២១នេះបានឱ្យដឹងថា សម្រាប់អ្នកមាន ដែលចង់ឱ្យខ្លួនកាន់តែមានបន្ថែមទៀត គឺត្រួវជួយដល់មនុស្សជុំវិញខ្លួនឱ្យមាន ពេលនោះពួកគេនឹងជួយខ្លួនឱ្យកាន់តតែមាន ដោយស្វ័យប្រវត្តិ ។ អ្វីដែលសំខាន់អ្នកមាន ចង់រក្សាដំណែងអ្នកមានបានយូរនិងកាន់តែមានទៀតនោះគឺត្រូវមានចិត្ត និងមានគំនិត ។
លោកបន្តថា “បើសិនជាយើងមានបានតែឯង ហើយអត់គិតគូរពីសង្គម និងមិនគិតគូដល់មនុស្សជុំវិញ ពេលនោះក៏មិនដឹងថាអ្នកណាជួយអ្នកណាដែរ”។លោកបន្តថា “អ្នកមានទ្រព្យ ដែលចេះបែងចែកនិងជួយដល់មនុស្សជុំវិញ ឱ្យមានជីវភាពប្រសើរ នោះនឹងធ្វើឱ្យសង្គមកាន់តែរីកចម្រើន ហើយពេលសង្គមរីកចម្រើន ពេលនោះអ្នកមាននឹងទទួលបានអត្ថប្រយោជន៍ច្រើនពីសង្គមមកវិញ”។
ជាមួយគ្នានេះ លោកស្រីសោ សោភា នាយិកាសាលាអន្តរជាតិវើលដ៏កម្ពុជាបាន ឱ្យដឹងថា ដើម្បីឱ្យខ្លួនកាន់តែមាន អ្វីដែលសំខាន់នោះ គឺការបន្ថែមការវិនិយោគរបស់ខ្លួន ជាក់ស្ដែងលោកស្រីនៅក្នុងវិស័យអប់រំ។ ដូច្នេះនៅពេលលោក អ្នកទទួលបានផលពីវិស័យនេះ លោកស្រីនឹងពង្រីកការវិនិយោគ លើវិស័យមួយនេះបន្ថែមទៀត ដោយធ្វើយ៉ាងណា ជួយដល់សង្គមជាតិវិញ តាមរយៈការពង្រីកវិស័យអប់រំ ជួយបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយជំនាញនិងមានសមត្ថភាព ហើយនៅពេលនោះពួកគេនឹងមានការងារល្អរកចំណូលបានខ្ពស់ ពេលនោះហើយសង្គមជាតិកាន់តែរីកចម្រើន នឹងធ្វើអ្នកមានកាន់តែច្រើន។
ចំណែកលោកហោ ចាន់រដ្ឋា ជាអ្នកអប់រំ និងអ្នកនិពន្ធសៀវភៅភាពជាដឹកនាំក៏បានឱ្យដឹងផងថា ភាពស្មោះត្រង់របស់អ្នកមាន និងមានគោលដៅច្បាស់លាស់ ជាពិសេសគឺបាវចនាប្រចាំខ្លួនគេ នឹងធ្វើឱ្យអ្នកមានកាន់តែមាន ហើយអ្នកមានមួយចំនួនក៏មានយុទ្ធសាស្ត្ររៀងៗខ្លួន។ ពេលខ្លះអ្នកមានមិនបានធ្វើអ្វី ក៏ទ្រព្យហូរចូលលុយហូរចូលដែរ ជាក់ស្ដែងអ្នកមានលំដាប់ពិភពលោក ទោះពេលដេកក៏លុយហូរចូលដែរ៕