កម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ីចាប់ខែក្រោយនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៥ ខែកក្កដា។

ជាមួយគ្នានេះ យោងតាមសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែកក្កដា បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៉ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៉ី នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។

កិច្ចប្រជុំពិសេសនេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៉ី ដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យ នយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជនក៏ដូចជាបន្តតាមដានការងារក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៉ី ស្តីពីជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-រុស្ស៉ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈដែលពិភពលោកកំពុងមានបញ្ហាប្រឈម៕

LEAVE A REPLY

Please enter your comment!
Please enter your name here