រដ្ឋាភិបាលទទួលបានចំណូលពីការនាំចេញកៅស៊ូជាង២០០លានដុល្លារកើន ជាង៧ភាគរយក្នុងឆមាសទី១

ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននាំចេញកៅស៊ូក្នុងទំហំទឹកប្រាក់ជាង២០០លានដុល្លារ ក្នុងពេល៦ខែដើមឆ្នាំ ២០២១នេះ កើនជាង៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ ចេញផ្សាយនៅពេលថ្មីៗនេះ។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ការនាំចេញជ័រកៅស៊ូមានចំនួន១៣២.១៧៤តោន មានកំណើន៧,១៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួលេខដដែលនេះបានកត់ត្រា ពីចំណូលនាំចេញជ័រកៅស៊ូ ចន្លោះពីខែមករា ដល់ខែមិថុនា មានតម្លៃសរុបប្រមាណ ២២១,៦៧លានដុលា្លរ ជាមួយតម្លៃកៅស៊ូជាមធ្យមថ្លៃ ១.៦៧៧ដុល្លារ/តោន បានកើនឡើងចំនួន៣៧៤ដុល្លារ/តោន ស្មើនឹង២៨,៧២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ទីផ្សារជ័រកៅស៊ូនឹងអាចមានស្ថិរភាពល្អ និងមានការដាំដុះដំណាំកៅស៊ូច្រើនជាងមុន ខណៈកម្ពុជាកំពុងទទួលបានឱកាសវិនិយោគ នៃរោងចក្រផលិតសំបកកង់រថយន្ត ដែលនឹងត្រូវការជ័រកៅស៊ូច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកឧកញ៉ាលើកឡើងថា យើងក៏រំពឹងថា នឹងមានការដាំដុះដំណាំកៅស៊ូនេះកាន់តែច្រើន ជាដែលជាផ្នែកដ៏សំខាន់ ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលជាអ្នកដាំដុះ ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារនៃការនាំចេញកៅស៊ូបានធ្លាក់ចុះ ហើយទើបតែឆ្នាំមុន និងឆ្នាំនេះបានចាប់ផ្តើមកើនឡើងវិញ។

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួន៤០៤.១៦០ហិកតា ដែលក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ២៩២.៥០០ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន ១១១.៦៦០ហិកតា ស្មើនឹង ២៨%៕

LEAVE A REPLY

Please enter your comment!
Please enter your name here