កម្ពុជារកចំណូលបានជាង៥០០លានដុល្លារពីនាំចេញស្រូវនិងអង្ករក្នុង១ឆមាសឆ្នាំនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២១នេះ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែទទួលបានកំណើងឡើងជាវិជ្ជមាន ដោយក្នុងរយៈពេល៦ខែនៃឆ្នាំ២០២១នេះ ការនាំចេញស្រូវនិងអង្កររបស់កម្ពុជាទទួលបានទឹកប្រាក់ជាង៥០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍ដដែលបានឱ្យដឹងផងដែរថា ការនាំចេញស្រូវរបស់កម្ពុជា រយៈពេល៦ខែនេះ មានបរិមាណ១.៦៩២.៨១៣តោនទៅកាន់ប្រទេសវៀតណាមនិងប្រទេសអារ៉ាប់រួម មានការកើនឡើង៧២,១២ភាគរយគិតជាទឹកប្រាក់ដែលទទួលបានមកវិញចំនួន ជាង២៧៩,៣១លានដុល្លារអាមេរិក និងការនាំចេញអង្ករវិញមានបរិមាណ២៨០.៤៥០តោន មានការថយចុះប្រមាណ២៩,៤៧ភាគរយ គិតជាទឹកប្រាក់នាំចេញរយៈពេល៦ខែនេះមានចំនួន ២៣៧,៥៤លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា ទីផ្សារអង្ករកម្ពុជារយៈពេល៦ខែនេះ មានគោលដៅនាំចេញចំនួន៤៧ប្រទេស ក្នុងនោះប្រទេសក្នុងសហភាពអឺរ៉ុបមានចំនួន២០ប្រទេស មានបរិមាណសរុប៦៧.១៣៦តោនថយចុះប្រមាណ៥០,៤៨ភាគរយ ប្រទេសចិនមានបរិមាណសរុប១៤៣.២៩៣តោន ថយចុះប្រមាណ៣,១៥ភាគរយ ទិសដៅប្រទេសក្នុងតំបន់អាស៊ានចំនួន៥មានបរិមាណ២៧.១៣៦តោន ថយចុះប្រមាណ៤៨,៧៩តោន និងទិសដៅប្រទេសដទៃទៀតចំនួន២១ប្រទេសមានបរិមាណសរុប៤២.៨៨៥តោនធ្លាក់ចុះ២៩,៨៦តោន។

បើតាមការបញ្ជាក់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការនាំធ្លាក់ចុះនៃការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាប្រទេសទីផ្សារប្រទេសអឺរ៉ុប គឺបណ្ដាលមកពីកង្វះខាតនៃមធ្យោបាយដឹកជញ្ជូន និងតម្លៃនៃមធ្យោបាយដឹកជញ្ជូនឡើងថ្លៃ ដែលធ្វើឱ្យភាគីអ្នកបញ្ជាទិញបានស្នើសុំផ្អាកការដឹកជញ្ជូនទៅកាន់ពួកគេមួយរយៈសិន។

លោកស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងថាមធ្យោបាយដឹកជញ្ជូនបានចាប់ផ្ដើមឡើងថ្លៃនៅក្នុងឆ្នាំ២០២១នេះ ដោយមួយកុងតឺន័របានឡើងដល់៨៥០០ដុល្លារឬដល់ជិត១ម៉ឺនដុល្លារខណៈកាលពីឆ្នាំមុនតម្លៃនេះ ត្រឹមតែ៣០០០ដុល្លារឬ៤០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
លោកបានថ្លែងបន្តថា មួយវិញទៀត ក្រៅពីតម្លៃដឹកជញ្ជូនឡើងថ្លៃហើយ ក៏មិនសូវមានកប៉ាល់សម្រាប់ស្តុកទុកកុងតឺន័រផងដែរ ( No space )។ ទាំងនេះជាហេតុផលដែលធ្វើឱ្យការបញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការធ្លាក់ចុះជាពិសេសអង្ករពីព្រោះតែអង្ករជាទំនិញពិបាកក្នុងការដឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here