ដោយៈ សាវុធ
សៀមរាបៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការជំរុញសមាជិកអាស៊ានធ្វើការរួមគ្នា ដើម្បីលើកកម្ពស់អាស៊ានជាសហគមន៍តភ្ជាប់ប្រព័ន្ធឌីជីថលតែមួយ និងជំរុញការតភ្ជាប់របស់ខ្លួន នឹងពន្លឿនការងើបឡើងវិញនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ “ការងើបឡើងវិញនៃសកម្មភាពពាណិជ្ជកម្ម ការលើកកម្ពស់សេដ្ឋកិច្ចតំបន់ឡើងវិញ ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់”។
ថ្លែងក្នុងសុន្ទរកថាស្តីពី ការត្រៀមខ្លួនរបស់កម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល តំបន់ ទៅកាន់មេដឹកនាំមកពីជុំវិញពិភពលោក អញ្ជើញចូលរួមក្នុងវេទិកានេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃប្រព័ន្ធឌីជីថល ក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីទ្រទ្រង់សកម្មភាពសាធារណៈ និងពាណិជ្ជកម្ម។ វាអាចជួយឱ្យរដ្ឋជាសមាជិកអាស៊ានធ្វើការរួមគ្នា ដើម្បីលើកកម្ពស់អាស៊ានជាសហគមន៍ តភ្ជាប់ប្រព័ន្ធឌីជីថលតែមួយ និងជំរុញការតភ្ជាប់របស់ខ្លួន ដើម្បីពន្លឿនការងើបឡើងវិញនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថាៈ កម្ពុជាបានកំណត់អាទិភាពរបស់ខ្លួនក្នុងការជំរុញ ប្រព័ន្ធឌីជីថលនៅកម្ពុជា ដើម្បីធានាបាននូវលំហូរដោយរលូននៃទំនិញ សេវា ការងារជំនាញ មូលធន និងទិន្នន័យ។
លោកបានថ្លែងបន្តថា ដូច្នេះកម្ពុជាចាំបាច់ត្រូវផ្តោតជាសំខាន់ កិច្ចសហប្រតិបត្តិការច្បាប់ និងស្ថាប័ន ដើម្បីសម្របខ្លួនទៅនឹងបដិវត្តឌីជីថល សម្រាប់ពាណិជ្ជកម្ម ការវិនិ យោគ កិច្ចសម្រួលពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងការអភិវឌ្ឍជំនាញកាន់តែមានប្រសិទ្ធភាពជាងមុន។
លោកទេសរដ្ឋមន្ត្រី បានសង្កាត់ធ្ងន់ធ្ងរថា ដើម្បីសម្រេចចក្ខុវិស័យឆ្ពោះទៅរក សេដ្ឋកិច្ចឌីជីថលតំបន់ កម្ពុជាបានប្តេជ្ញាចាប់ផ្តើមអនុវត្តប្រព័ន្ធគយ ASYCUDA គម្រោងតភ្ជាប់ប្រព័ន្ធស្វយ័តប្រវត្តិកម្ម Port EDI ជាមួយប្រព័ន្ធ ASYCUDA ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព បានអនុម័តច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានដាក់ឱ្យ ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ ច្រកចេញចូលតែមួយរបស់អាស៊ាន (Asean Single Window) ហើយជាពិសេសក្នុងពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានប្រកាសជាផ្លូវការនូវ ការអនុវត្តក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ផងដែរ៕