រដ្ឋមន្រ្តីៈកសិករតាមបណ្តាខេត្តអាចរកប្រាក់ចំណេញពីការចិញ្ចឹមមាន់រហូត ជាង១០លានរៀលក្នុងមួយខែ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានឲ្យដឹងថា តាមរយៈគម្រោងស្តីពីសន្តិសុខស្បៀង សម្រាប់កសិករក្រីក្រ-ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាពធ្វើឲ្យប្រជាកសិករនៅតាមបខេត្តអាចរកប្រាក់ចំណេញបានរហូតដល់ជាង ១០លានរៀលនៅក្នុង១ខែ។

សរសេរនៅក្នុងបណ្តាញសង្គម នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក វេង សាខុន បានមានប្រសាសន៍ថា គម្រោងខាងលើនេះ ទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលដាក់ឲ្យអនុវត្តសាកល្បង ដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រាប់វគ្គទី១ គឺចាប់ពីឆ្នាំ២០១៦ -២០១៨ និងវគ្គទី២ ពីឆ្នាំ២០២០-២០២១ នៅខេត្តគោលដៅចំនួន៣ រួមមាន ខេត្តត្បូងឃ្មុំ តាកែវ និងខេត្តកំពង់ឆ្នាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា គម្រោងនេះ មានគោលបំណងធ្វើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកគំរូចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារសមស្របមួយ សំដៅលើនិរន្តរភាពផលិតកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ដែលអាចឲ្យកសិករចាប់យករបរ ចិញ្ចឹមមាន់ពូជក្នុងស្រុក ជាអាជីពគ្រឹះរឹងមាំមួយ សម្រាប់លើកកម្ពស់កម្រិតជីវភាពឲ្យបានល្អប្រសើរ តាមរយៈការអនុវត្តបច្ចេកទេសបង្ហាញសាមញ្ញ និងសមស្របមួយក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្រ្តីវេង សាខុនបានលើកឡើងថា ក្រៅពីជួយបណ្តុះបណ្តាលបច្ចេកទេសអំពីការចិញ្ចឹម ការផ្តល់ និងផ្សំចំណី ការថែទាំ ការបង្ការ និងការពារជំងឺសត្វ ការគ្រប់គ្រងផលិតកម្ម-សេវាកម្មសុខភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លើសពីនេះ គម្រោងបានផ្តល់ទ្រុង (ទំហំ១២មx៤ម រៀបឥដ្ឋ ជញ្ជាំងសំណាញ់ លួសប្រក់សាំង្កសី) ពូជមាន់ចំនួន ៨៤ក្បាល (មេ ៧២) ទូភ្ញាស់ ១គ្រឿង និងឧបករណ៍-សម្ភារៈមួយ ចំនួនទៀតសរុបថវិកាប្រមាណ១០លានរៀល/គ្រួសារ និងបានជួយរៀបចំទស្សនៈកិច្ចសិក្សាកន្លែងចិញ្ចឹមមាន់ដែលទទួលបានជោគជ័យ ដើម្បីចែករំឡេក និងផ្លាស់ប្តូរបទពិសោធន៍អំពីការ អនុវត្តទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។

លោកបានបញ្ជាក់ថា ប្រាក់ចំណេញដែលប្រជាកសិករទទួលបាន ចន្លោះចាប់ពី ៣៧៥ ០០០ ទៅ១២ ៧៥០ ០០០រៀល ក្នុង១ខែ (ចំនួននេះអាស្រ័យលើការយកចិត្តទុកដាក់ចិញ្ចឹម-ថែទាំ ការផ្សំចំណី និងការពង្រីកផលិតកម្ម)៕

LEAVE A REPLY

Please enter your comment!
Please enter your name here