ដោយៈ ម៉ាណេត
ភ្នំពេញៈ បច្ចុប្បន្ននេះយើងសង្កេតឃើញ ពីកំណើននៃសំណង់បុរី ដែលជាហេតុមានអតិថិជនជាច្រើន ភ្លូកទឹកភ្លូកដីទៅទិញបុរីសម្រាប់ស្នាក់នៅ ឬធ្វើជាអចលនទ្រព្យសម្រាប់ទុកលក់ដូរតាមក្រោយ។
យ៉ាងណាមិញគុណភាព និងទំនុកចិត្តដែលម្ចាស់បុរីនីមួយៗ ផ្ដល់ឲ្យមកកាន់អតិថិជន។ អ្នកខ្លះទិញហើយជួបការលំបាក ជាមួយនឹងគុណភាពសំណង់ ខ្លះទៀតជួបបញ្ហាទាក់ទងនឹងកម្មសិទ្ធបញ្ញាជាដើម។
ហេតុនេះ ប្រជាពលរដ្ឋមានលទ្ឋភាពគួរពិនិត្យពីប្រភេទប្លង់នៃផ្ទះ៖ តើម្ចាស់គម្រោង មានប្លង់រឹង សម្រាប់ផ្តល់ជូនអ្នកដែរឬទេ?។
ដោយសារដែលនៅប្រទេសកម្ពុជាយើងមាន ប្លង់ច្រើនប្រភេទ ដូចនេះដើម្បីសុវត្ថិភាព អ្នកគួរធ្វើការសាកសួរពីប្រភេទប្លង់ ដែលអ្នកម្ចាស់គម្រោងនឹងផ្ដល់ជូនអ្នក។ ជាធម្មតា ប្រសិនបើគម្រោងអភិវឌ្ឍន៍បុរីដែលអ្នកមានបំណងទិញ ជាគម្រោងស្របច្បាប់ ម្ចាស់គម្រោងត្រូវតែមានប្លង់រឹងមេមួយ ដែលជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ដ៏សំខាន់ ដែលគ្របដណ្តប់លើផ្ទៃដីនៃគម្រោងទាំងមូល។
ប្លង់មេនេះដែរ នឹងត្រូវធ្វើការបែងចែកជាចំនែកផ្សេងៗគ្នា ដើម្បីចេញជាប្លង់រឹងមួយៗផ្សេងៗគ្នា សម្រាប់លំនៅដ្ខាននីមួយៗនៅក្នុងគម្រោង។
ហេតុតអ្វីបានជាត្រូវសួររកប្លង់មេដែរ?
ហេតុផលសំខាន់ៗ ដែលលោកអ្នកគួរសាកសួរឬសិក្សាពីបញ្ហានេះ ដោយសារទី១) ការពិនិត្យប្លង់មេ អាចជួយអ្នកអោយប្រាកដថា ម្ចាស់គម្រោងជាម្ចាស់កម្មសិទ្ធិស្របច្បាប់ របស់ដីនៃគម្រោងអភិវឌ្ឍន៍ទាំងមូល ដើម្បីធានាថា គេមានប្លង់ កាត់ជូនអ្នកនៅពេលអ្នកទិញរួចរាល់។
ទី២) អ្នកគួរពិនិត្យមើលប្លង់មេ ដើម្បីធានាថា ដីដែលកំពុងអភិវឌ្ឍន៍នេះ មិនបានជាប់ប្លង់នៅធនាគារ។ ការពារកុំអោយមានបញ្ហានៅពេលក្រោយ។ ទី៣) ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖ តើគម្រោងបុរីដែលអ្នកប្រុងនឹងទិញ មានលិខិតចុះបញ្ជីត្រឹមត្រូវដែលទទួលស្គាល់ពីក្រសូងពាក់ព័ន្ធដែរឬទេ?។
ដូចដែលអ្នកបានដឹងរូចមកហើយថា បច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍បុរីជាច្រើនដែលកំពុងរីកដុះដាល តែមិនមែនគម្រោងទាំងអស់ សុទ្ធតែជាគម្រោងស្របច្បាប់នោះទេ។ តាមច្បាប់ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជី និងត្រូវទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបមានសិទ្ធិអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។
ទី៤) ការអនុម័តផែនការមេ៖ តើផែនការមេរបស់គម្រោងបានទទួលការអនុម័តពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ហើយ ឬនៅ?។ នេះគឺជាឯកសារមួយដ៏សំខាន់ ដែលអ្នកត្រូវតែដឹងផងដែរ។ ផែនការមេ គឺជាប្លង់មេដ៏សំខាន់របស់គម្រោងទាំងមូល។
ជាទូទៅ ផែនការមេត្រូវបានអនុម័ត ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មុនពេលការសាងសង់ចាប់ផ្តើម។ វាគូសបង្ហាញអ្នកយ៉ាងច្បាស់ថា តើគម្រោងដែលរៀបនឹងសាងសង់ មានហេដ្ឋារចនាសម្ព័ន្ធដូចម្តេច មានប្លង់លំនៅដ្ឋានដូចម្ត៉េច។
ទី៥) អាជ្ញាប័ណ្ណសាងសង់ៈ តើគម្រោងបុរីដែលអ្នកចង់ទិញ មានអាជ្ញាប័ណ្ណសាងសង់ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឬទេ?។
ក្រៅពីផែនការមេនៃគម្រោងបុរីហើយ បុរី ត្រូវតែមានផងដែរនូវ អាជ្ញាប័ណ្ណសាងសង់ ត្រឹមត្រូវ ដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និងសំណង់។
មុននឹងទទួលបានអាជ្ញាប័ណ្ណនេះ គម្រោងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី។ មុនដំបូងម្ចាស់បុរី ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសាងសង់មួយ ដើម្បីអាចដំណើរការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធបាន ប្រកបដោយស្តង់ដារ និងបញ្ចប់ការសាងសង់តាមការកំណត់ត្រឹមត្រូវ តាមការគ្រោងទុក។
ទី៦) អាជ្ញាប័ណ្ណបុរី៖ តើបុរីដែលអ្នកប្រុងនឹងរស់នៅនេះ មានអាជ្ញាប័ណ្ណត្រឺមត្រូវតាមច្បាប់ដែរឬទេ?។
ឯកសារចុងក្រោយ ដែលអ្នកត្រូវតែពិនិត្យមើលផងដែរនោះ គឺជាអាជ្ញាប័ណ្ណបុរី។ នៅពេល ដែលបុរីមានឯកសារនេះហើយ មានន័យថា វាត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានន័យថា គ្រប់យ៉ាងត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិទាំងអស់ដែលបានចែង មិនថាជាការរចនា ការសាងសង់ និង សិទ្ធិជាម្ចាស់កម្មសិទ្ធិជាដើម៕ Spean៕