ដោយៈ ម៉ាណា
ប្រទេសចិនៈ ប្រតិភូប្រទេសចំនួន២០ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីនៃវេទិកាវិស័យដឹកជញ្ជូន ប្រកបដោយនិរន្តរភាពសកលនៅប្រទេសចិន។
កិច្ចប្រជុំនេះបានចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ លោក គង់ សុផល អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ប្រកបដោយនិរន្តរភាពជាសកល ក្នុងវិស័យមួយចំនួនដូចជា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលការដឹកជញ្ជូន និងការសហការលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមទិសដៅយុទ្ធសាស្ត្រ របស់អង្គការសហប្រជាជាតិ និងដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងធនធានតាមរយៈការអភិវឌ្ឍការដឹកជញ្ជូនប្រកបដោយនិរន្តភាព ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។
កិច្ចប្រជុំនេះ នឹងពិភាក្សាលើប្រធានបទ៣សំខាន់ៗ រួមមាន: ១). សេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើវិស័យ ដឹកជញ្ជូនប្រកបដោយនិរន្តភាពសកល ២). ការផលិតរបាយការណ៍ស្រាវជ្រាវ ស្តីពីការដឹកជញ្ជូនប្រកបដោយនិរន្តភាពសកល និងការកំណត់សូចនាករដឹកជញ្ជូន ប្រកបដោយនិរន្តភាព (Sustainable Transport Index) និង៣). ការប្រមូលផ្តុំការអនុវត្ត ដែលមានប្រសិទ្ធភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន ប្រកបដោយនិរន្តភាពសកល សម្រាប់ជាគំរូដល់បណ្តាប្រទេសនានាអនុវត្ត៕