លោកស៊ូ សុជាតិៈ វិនិយោគិនត្រូវស្វែងយល់ពី៧ចំណុចដើម្បីមានទំនុកចិត្តក្នុងការជួញដូរឧបករណ៍និស្សន្ទ

ដោយៈ ម៉ាណេត

ភ្នំពេញៈ លោកស៊ូ សុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) លើកឡើង៧ចំណុច សម្រាប់និយោគិន ក៏ដូចជាសាធារណៈជន ត្រូវស្វែងយល់ ដើម្បីមានទំនុកចិត្ត និងសុវត្ថិភាពក្នុងការជួញដូរឧបករណ៍និស្សន្ទ។

លោកស៊ូ សុជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងពីកត្តាចាំបាច់ដែលវិនិយោគិន ក៏ដូចជាសាធារណៈជនត្រូវស្វែងយល់ ដើម្បីមានទំនុកចិត្ត និងសុវត្ថិភាពក្នុងការជួញដូរឧបករណ៍និស្សន្ទដែលមានដូចជា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១) វិនិយោគិនត្រូវមានចំណេះដឹងច្បាស់លាស់លើការវិនិយោគឧបករណ៍និស្សន្ទ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំពាក់ព័ន្ធចេញដោយ ន.ម.ក. រួមទាំងវិធានប្រតិបត្តិការឧបករណ៍និស្សន្ទដែលទទួលបានការអនុញ្ញាត។

២) វិនិយោគិនត្រូវជួញដូរជាមួយឈ្មួញជើងសាឧបករណ៍និស្សន្ទដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក.។

៣) វិនិយោគិនត្រូវប្រើប្រាស់ទម្រង់បើកគណនីជួញដូរ ទម្រង់កិច្ចព្រមព្រៀងអតិថិជន និងទម្រង់ប្រកាសទទួលស្គាល់ហានិភ័យដែលទទួលបានការអនុញ្ញាតពី ន.ម.ក.។

៤) រាល់ការបើកគណនីជួញដូរ និងប្រឹក្សាយោបល់ត្រូវធ្វើឡើងជាមួយភ្នាក់ងារជើងសាឧបករណ៍និស្សន្ទដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក.។

៥) វិនិយោគិនត្រូវដាក់សាច់ប្រាក់ និងទូទាត់សាច់ប្រាក់តាមរយៈ “គណនីសាច់ប្រាក់អតិថិជនឧបករណ៍និស្សន្ទ” នៅធនាគារដែលជាភ្នាក់ងារ ទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រដែលទទួលបានការទទួលស្គាល់ពី ន.ម.ក.។

៦) វិនិយោគិនត្រូវធ្វើការជួញដូរឧបករណ៍និស្សន្ទដោយខ្លួនឯងផ្ទាល់ និង៧) ផលិតផលជួញដូរត្រូវទទួលបានការអនុញ្ញាតពី ន.ម.ក.។

ការជួញដូរឧបករណ៍និស្សន្ទ ឬដេរីវ៉េទីវ សំដៅទៅការជួញដូរលើកិច្ចសន្យាលើគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រសន្ទស្សន៍លោហៈធាតុមានតម្លៃរូបិយប័ណ្ណអន្តរជាតិ និងប្រេងឆៅជាដើម។ ឧទាហរណ៍៖ បើយើងទិញមាសក្នុងតម្លៃ$១,៣៨៥ក្នុង១អោន ហើយនៅពីរថ្ងៃក្រោយមក ហាងឆេងមាសបានឡើងដល់$១,៤១៥ក្នុង១អោន នោះវិនិយោគិនអាចរកប្រាក់ចំណេញតាមរយៈការទិញបាន$៣,០០០ក្នុង១ឯកតាចូលផ្សារ។ស្របគ្នានេះដែរ បើហាងឆេងមាសកំពុងតែធ្លាក់ចុះពី$១,៤១៥ក្នុង១អោន ទៅ$១,៣៨៥នោះវិនិយោគិនក៏អាចរកបានប្រាក់ចំណេញតាមរយៈការលក់បាន$៣,០០០ក្នុង១ឯកតាចូលផ្សារដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here