ដោយៈ ម៉ាណេត
ភ្នំពេញៈ ការិយាល័យតំណាងពាណិជ្ជកម្មធនាគារSMBCរបស់ជប៉ុន ដែលមានតួនាទីផ្តល់ការសម្របសម្រួលខាងផ្នែកពាណិជ្ជកម្ម និងលំហូរវិនិយោគរវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន តំបន់អាស៊ី និងតំបន់ផ្សេងៗ ជំរុញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយពីឱកាសវិនិយោគថ្មីៗនៅកម្ពុជា។
លោកស្រីនាវ ច័ន្ទថាណាទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក Izumi Tanaka នាយកការិយាល័យតំណាងពាណិជ្ជកម្មធនាគារ ស៊ូមីតូម៉ូ មីតស៊ុយ ប៊ែងឃីង ខបភើរេសិន (SMBC) បានធ្វើការប្រជុំគ្នា កាលពីម្សិលមិញ ស្តីពីស្ថានភាពនិងទិសដៅអនាគតរបស់ការិយាល័យតំណាង នៅក្នុងឱកាសដែលលោកត្រូវបានតែងតាំងជានាយកថ្មី នៃការិយាល័យតំណាងពាណិជ្ជកម្មរបស់ធនាគារ ប្រចាំប្រទេសកម្ពុជា។
លោកស្រីទេសាភិបាលរង បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់វិនិយោគិនបរទេសចំពោះការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។ តាមរយៈតួនាទីរបស់ការិយាល័យតំណាង លោកស្រី បានស្នើឱ្យមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់វិនិយោគិនជប៉ុនពីការអភិវឌ្ឍនិងការរីកចម្រើនរបស់សង្គមនិងសេដ្ឋកិច្ចកម្ពុជា ជាពិសេស កត្តាសន្តិភាពដែលជាមូលដ្ឋានអំណោយផលដល់ការវិនិយោគ។
ជាការឆ្លើយតប លោក Izumi Tanaka បានថ្លែងថា ការិយាល័យតំណាងពាណិជ្ជកម្មធនាគារ SMBC មានតួនាទីផ្តល់ការសម្របសម្រួលខាងផ្នែកពាណិជ្ជកម្ម និងលំហូរវិនិយោគរវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន តំបន់អាស៊ី និងតំបន់ផ្សេងៗ។
លោកបានថ្លែងបន្តថា ដូច្នេះ នៅក្នុងតួនាទីថ្មីនេះ លោកនឹងខិតខំផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិនជប៉ុន និងចែករំលែកចំណេះដឹងនិងបទពិសោធន៍ចំពោះវិស័យធនាគារនៅកម្ពុជា ជាពិសេសផ្តោតលើហិរញ្ញវត្ថុបៃតង។
SMBC គឺជាធនាគារធំមួយក្នុងចំណោមធនាគារធំជាងគេ ទាំង១០នៅលើពិភពលោក ដោយមានទ្រព្យសកម្មជាងមួយពាន់បីរយពាន់លានដុល្លារអាមេរិក អនុបាតដើមទុនថ្នាក់ទី១ គឺ១៣,៤៣%, Credit Rating: A+(S&P) និង Aa3 (Moody’s) ។ SMBC មានសាខាក្នុងស្រុកចំនួន៥០៥ (មិនរាប់បញ្ចូលអនុសាខា និងទីភ្នាក់ងារ) និងមានសាខាក្រៅប្រទេសចំនួន៤១ (រាប់បញ្ចូលទាំងអនុសាខា និងការិយាល័យតំណាង) នៅលើពិភពលោក៕