ដោយៈ សាវុធ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើដល់អង់គ្លេសជួយទិញឥណទានកាបូនពីកម្ពុជា ខណៈថវិកាពីទិញឥណទានកាបូននឹងត្រូវប្រើប្រាស់ដើម្បីបម្រើឱ្យការអភិរក្សព្រៃឈើ និងសត្វព្រៃ និងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពលរដ្ឋ។
ការស្នើនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា។
លោកនេត្រ ភក្ត្រារដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានថ្លែងថា ការអញ្ជើញមកប្រទេសកម្ពុជានៅពេលនេះរបស់លោកក្នុងនាមជាមិត្តភ័ក្តិនិងជាដៃគូ និងដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រទេសកម្ពុជា និងជួយប្រទេសកម្ពុជាដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសក៏បានសាកសួរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានថា តើអង់គ្លេសអាចជួយអ្វីបានក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។
លោកនេត្រ ភក្ត្រាបានថ្លែងថា ឯកឧត្តមរដ្ឋមន្ត្រី សាយសំអាល់ បានជម្រាបជូនរដ្ឋមន្ត្រីអង់គ្លេសថាអ្វីដែលចក្រភព អង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថានគឺការបណ្តុះបណ្តាលធនធានមនុស្សក្នុងកិច្ចការបរិស្ថាន និងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងទិញផលិតផលពីប្រទេសកម្ពុជា។
លោកបានឱ្យដឹងដូច្នេះថា “នៅក្នុងវិស័យបរិស្ថាន អង់គ្លេសអាចទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ដើម្បីបម្រើឱ្យ ការអភិរក្សព្រៃឈើ និងសត្វព្រៃនិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពលរដ្ឋ”។
ដើម្បីជួយក្រសួងបរិស្ថានលើកិច្ចការងារបរិស្ថាននិងធនធានធម្មជាតិ រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសសន្យាថានឹងបញ្ជូនក្រុមបេសកកម្មជំនាញមកកម្ពុជាដើម្បីសិក្សាពីតម្រូវការរបស់កម្ពុជាដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងក្នុងវិស័យបរិស្ថាននិងធនធានធម្មជា៕