ការនាំចេញវាយនភណ្ឌរបស់វៀតណាមនៅតែបន្តហក់ឡើងទោះស្ថិតក្នុងបរិបទកូវីដ១៩

ដោយៈ លក្ខិណា

វៀតណាមៈ ទោះស្ថិតក្នុងបរិបទកូវីដ១៩ ការនាំចេញវាយនភណ្ឌកាត់ដេរ និងសម្លៀកបំពាក់របស់តណាមដែលជាប្រទេសជិតខាងកម្ពុជា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១ បានកើនឡើង២១,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់សមាគមវាយនភណ្ឌកាត់ដេរ និងសម្លៀកបំពាក់វៀតណាមនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

របាយការណ៍របស់សមាគមវាយនភណ្ឌកាត់ដេរ និងសម្លៀកបំពាក់វៀតណាមបានឱ្យដឹងថា ការនាំចេញអំបោះពីខែមករា ដល់ខែឧសភា មានកំណើន៦០,១ភាគរយ ដែលមានតម្លៃទឹកប្រាក់២,១ពាន់លានដុល្លារ ខណៈការនាំក្រណាត់ក៏មានការកើនឡើងផងដែរ ប្រមាណ២៦,៤ភាគរយ រហូតដល់៩៤៧លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរបាយការណ៍ដដែលនេះ បានឱ្យដឹងថា ក្នុងអំឡុងពេលដូចគ្នានេះដែរ វៀតណាម ក៏បានចំណាយនាំចូលវត្ថុធាតុដើមក្នុងឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងសម្លៀកបំពាក់មានតម្លៃជាង១០,២ពាន់លានដុល្លារអាមេរិក មានកំណើន៣៣,៤ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកយោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសន្មតកំណើននេះថា ជាសញ្ញាវិជ្ជមានពីទីផ្សារនាំចេញដ៏សំខាន់របស់ប្រទេស ក៏ដូចជាការប្រើឱកាសប្រកបដោយប្រសិទ្ធភាពពីអាជីវកម្មក្នុងស្រុកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានចុះហត្ថលេខា និងដាក់ឱ្យដំណើរការ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមថា សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ និងសម្លៀកបំពាក់របស់វៀតណាម ដែលមានតម្លៃទឹកប្រាក់សរុប ៦,០៦ពាន់លានដុល្លារអាមេរិក កើនឡើង២៤,៤ភាគរយ និងស្មើប្រមាណ ៤៩,២ភាគរយ នៃតម្លៃនាំចេញសរុបរបស់វិស័យនេះ។

បន្ទាប់ពីសហរដ្ឋអាមេរិក គឺជប៉ុនស្ថិតនៅលំដាប់ទី ២មានតម្លៃ ១,៣១ពាន់លានដុល្លារ ធ្លាក់ចុះ ៦,៣ភាគរយ បន្ទាប់មកទៀត សហភាពអឺរ៉ុប មានតម្លៃ ១,២១ពាន់លានដុល្លារ កើនឡើង ១៤,៧ភាគរយ និងសាធារដ្ឋកូរ៉េ មានតម្លៃ ១,០៧ពាន់លានដុល្លារអាមេរិក កើនឡើង ៤,២ភាគរយ។

សម្រាប់វិស័យវាយនភណ្ឌនៅកម្ពុជា ក្នុងរយៈពេលដើមឆ្នាំ២០២១នេះ ក៏ឃើញថាកំណើននៃការនាំចេញល្អប្រសើរដែរ ជាពិសេសនៅក្នុងអំឡុងខែមេសា ២០២១នេះ បើទោះបីជាតម្លៃដឹកជញ្ជូនក្នុងឆ្នាំ២០២១នេះ មានការកើនឡើងខ្ពស់ជាងឆ្នាំមុនក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here