អ្នកជំនាញៈ វិស័យឌីជីថលនឹងក្លាយជាចន្ទល់និងជាក្បាលម៉ាស៊ីនដើម្បីជំរុញ កំណើនសេដ្ឋកិច្ច

ដោយៈ សាវុធ

ភ្នំពេញៈ អ្នកជំនាញ និងអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់អាជីវកម្ម បានបង្ហាញការគាំទ្រ លើក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ របស់រាជរដ្ឋាភិបាល ដែលត្រូវបានធ្វើឡើង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យមានរីកចម្រើនកាន់តែខ្លាំង។

ជាមួយនឹងការគាំទ្រនេះ អ្នកជំនាញទាំងនេះ បរិវត្តន៍កម្មឌីជីថលនឹងនាំមកនូវបច្ច័យវិជ្ជមាន ដែលជាចន្ទល់ និងជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច ហើយនឹងនាំមកនូវកាលានុវត្តភាពនៃប្រភពកំណើនថ្មី ការបង្កើនផលិតភាពសេដ្ឋកិច្ច ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារផ្សេងៗ។

លោកពេជ សូវៀតនាយកប្រតិបត្តិ និងសហស្ថាបនិកអួតអេប (Uot App) ដែលជាសហគមន៍ទេសចរបែបឌីជីថល បានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះថា បច្ចុប្បន្នពិភពលោក បានកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាយន្តការ និងសម្រាប់ការទំនាក់ទំនង ទាំងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រោះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា បានកាត់បន្ថយពេលវេលា ការចំណាយ និងមានសុក្រិត្យភាពជឿជាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្តថា “ជាក់ស្តែងក្នុងស្ថានភាព នៃការរីករាលដាលជម្ងឺកូវីដ១៩នេះ ប្រព័ន្ធបច្ចេកវិទ្យាបានងើបឡើង ដោយបានផ្តល់សេវាជាច្រើន ហើយបរិវត្តកម្មឌីជីថល នឹងនាំមកនូវបច្ច័យជាចន្ទល់កំណើន កាលានុវត្តភាពនៃប្រភពកំណើនថ្មី ព្រមទាំងការបង្កើនផលិតភាពសេដ្ឋកិច្ច និងជាចលករ ក្នុងការជំរុញក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារជាដើម”។

ជាមួយគ្នានេះ លោកប៉ាត់ ចំណាននាយកក្រុមហ៊ុនស៊ូភើ អេប តិចណូឡូជី ភីអិលស៊ី (Super App Technology plc)បានលើកឡើងថា ពាក់ព័ន្ធការបង្កើតក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជារបស់រាជរដ្ឋាភិបាល គឺជាគោលនយោបាយដ៏ល្អ សម្រាប់កម្ពុជា ជាពិសេសសម្រាប់វធុរកិច្ចវិស័យឯកជន មានន័យថានៅពេល ដែលគោលនយោបាយកើតឡើង អារម្មណ៍ជាអ្នកវិនិយោគ អារម្មណ៍ជាសហគ្រិនក្នុងស្រុក គឺមានភាពសប្បាយរីករាយ ព្រោះរាជរដ្ឋាភិបាល បានយកចិត្តទុកដា់ទៅលើសេដ្ឋកិច្ច និងសង្គមឌីជីថល ពលរដ្ឋឌីជីថល ពលរដ្ឋឌីជីថល និងរាជរដ្ឋាភិបាលឌីជីថល ។

លោកបន្តថា “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” របស់រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌរយៈពេលវែង សំដៅជំរុញ និងតម្រង់ទិសបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យទទួលបានជោគជ័យ តាមរយៈការកំណត់ និងការអនុវត្តវិធានការគោលនយោបាយ ដែលឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ព្រមទាំងស្របតាមនិន្នាការតំបន់ និងសកល។

ជាមួយគ្នានេះ ក្របខណ្ឌវិនិយោគគ្រប់ជ្រុងជ្រោយ នឹងត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់ផែនការវិនិយោគនៅក្នុងវិស័យឌីជីថល ជាពិសេសក្រោមក្របខណ្ឌគោលនយោបាយនេះ និងផែនការមេអភិវឌ្ឍន៍វិស័យឌីជីថលកម្ពុជា ដែលនឹងត្រូវបានគិតគូររៀបចំក្នុងជំហានបន្ទាប់ ។

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា មានចក្ខុវិស័យ កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបវិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មីៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here